ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ ដែលឃើញលាក់ខ្លួន នៅក្នុងអតីតទីស្នាក់ការ គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ ហៅទៅសួរនាំ នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តញព័ត៌មានក្នុងស្រុក ថា មនុស្សទាំង៤នាក់នេះ ត្រូវបានមន្ត្រីអាជ្ញាធរហៅទៅសួរនាំ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះធ្វើរដ្ឋបាលពិនិត្យអាវុធជាតិផ្ទុះ ក៏បានប្រទះឃើញពួកគេ កំពុងស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា នៅពេលដែលមន្ត្រីចុះមកធ្វើជំរឿននាពេលថ្មីៗនេះ ពួកគេប្រាប់ថា មិនមានមនុស្សនៅក្នុងអតីតទីស្នាក់ការនោះទេ ប៉ុន្តែនៅយប់នេះពេលអាជ្ញាធរ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដឹងថាមានមនុស្សនៅក្នុងខាង។ ពេលកម្លាំងចូលទៅរក ស្រាប់តែ២នាក់បានលោតចេញតាមរបង និង២នាក់ទៀតបានដើរចេញមកតាមច្រកទ្វារខាងមុខ ដូច្នេះអាជ្ញាធរក៏ត្រូវធ្វើការឃាត់សួរនាំសិនតែម្តង។
នៅពេលនេះ មនុស្សទាំង៤នាក់ ត្រូវបានយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីដឹងព័ត៌មានបន្ថែមទៀត។
ជាមួយនឹងករណីនេះ ក្រុមហ្វេសប៊ុកដែលនិន្នាការបក្សប្រឆាំង ឈ្មោះ Neang Sokhun បានសរសេរថា “របបក្រុងភ្នំពេញ បានចុះទៅឆែកឆេរ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ៥៧៦ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ទាំងយប់ ហើយបានឃាត់ខ្លួន បងៗសន្តិសុខ នៅទីនោះចំនួន៤នាក់ សូមឲ្យអ្នកសារព័ត៌មានជាតិ អន្តរជាតិ អង្កកាសង្គមស៊ីវិលជាតិ អន្តរជាតិសូមមេត្តា ជួយតាមដានរឿងនេះផង”៕ ដោយ៖បញ្ញាស័ក្តិ