ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញសហគ្រាសរីកចម្រើនលូតលាស់ធំធាត់មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ និងមិនចង់ឃើញសហគ្រាសប្រកាសថាបង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ 2 ឬ 3 នោះទេ ដោយរំពឹងថានឹងមិនមានការកិបកេងបន្លំពន្ធ។
លោកគង់ វិបុល បានថ្លែងថា ក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋាន ពន្ធដារបានកើនឡើងលើសផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលជាទូទៅបានកើនឡើងប្រមាណ 20 ភាគរយជារៀងរាល់ឆ្នាំ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការទទួលស្គាល់ និងកាតព្វកិច្ចពន្ធមួយចំនួនរបស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញ ឬ សេវាក្នុងនាមសហគ្រាសដើម និងកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ នៅព្រឹកថ្ងៃទី១៩ មីនា លោកអគ្គនាយកពន្ធដារ បានថ្លែងបន្តថា លទ្ធផលសម្រេចបាននេះគឺនាយកដ្ឋានពន្ធដារសម្រេចបានក្នុងការបរិបទមួយដែលរាជរដ្ឋាភិបាល មានគលនយោបាយមិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី ដោយត្រូវកម្រងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យអស់លទ្ធភាពសក្តា នុពល។
ឆ្លៀតក្នុងឱកាសនេះ លោកប្រតិភូរាជរដ្ឋាភិបាលបន្តថ្លែងអំណរគុណដល់សហគ្រាស ជាអ្នកជាប់ពន្ធទាំងឡាយដែលចូលរួមចំណែកក្នុងបុព្វហេតុនៃការធ្វើកំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធតាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធអនុលោមតាមពន្ធនិងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានដែលនេះជាកត្តាជំរុញអោយមានការសម្រេចចិត្តនូវសមិទ្ធិផលនៃការគ្រប់គ្រងចំណូលដូចបានជម្រាបជូនខាងលើនេះនឹងធ្វើការលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ចូលរួមប្រើប្រាស់និងប្រព័ន្ធនិងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងន័យទួលបានសេវាអ្នកជាប់ពន្ធដែលមានភាពសាមញ្ញងាយស្រួលមានគុណភាពប្រកបដោយតម្លាភាពនិងមានភាពឆាប់រហ័សជាពិសេសថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមថាដោយឡែកសហគ្រាសទាំងឡាយដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសត្រូវមកធ្វើបច្ចុប្បន្នភាពដើម្បីជាប្រយោជន៍ទទួលបាន ដូចបានរៀបរាប់ខាងលើ។ ក្នុងនាមជាម្ចាស់អ្នកគ្រប់គ្រងប្រមូលពន្ធជូនរដ្ឋរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានពន្ធដារ គឺចង់ឃើញសហគ្រាសរីកចម្រើនលូតលាស់ធំធាត់មានប្រាក់ចំណេញនិងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋនិងពិតជាមិនចង់ឃើញសហគ្រាសប្រកាសថាបង់ពន្ធខ្វះមានបញ្ជីគណនេយ្យ 2ឬ3 នោះទេដោយរំពឹងថានឹងមិនមានការកិបកេងបន្លំពន្ធហើយរងការកំណត់ពន្ធឡើងវិញទទួលរងពិន័យទោសទាន់ព្រមទាំងការប្រាក់នោះទេ។នៅក្នុងឆ្នាំ ២០១៩ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធនិងឈានទៅសម្រេចបាននូវផែនការឱ្យបានជាអតិបរមាអគ្គនាយកដ្ឋានពន្ធដារនិងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវទិសដៅអនុវត្តរបស់ខ្លួន។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាននិយាយថា បញ្ហាបង់ពន្ធនៅកម្ពុជា វានៅតែកើតមាន ដោយសារតែក្រុមហ៊ុនខ្លះ មិនព្រមអនុវត្តការបង់ពន្ធតាមការកំណត់របស់រដ្ឋាភិបាល។ ក្នុងន័យនេះលោក គង់ វិបុល លើកយករឿងរ៉ាវជាក់ស្ដែងមកនិយាយថា មានក្រុមហ៊ុនខ្លះ តែងតែប្រកាសមិនចំណេញទេ រាល់ពេលប្រកាសបង់ពន្ធម្ដងៗ ប៉ុន្តែនៅពេលខាងសវនកម្មពន្ធដារចុះឆែកទិន្នន័យចំណូលក្រុមហ៊ុននោះ ឃើញថា ក្រុមហ៊ុនរកចំណូលបានច្រើនចង់ផ្ទុះគណនីធនាគារ។ បើតាមលោក គង់ វិបុល ការគេចវេះពីការបង់ពន្ធនេះ វាជាបញ្ហាសម្រាប់ក្រុមហ៊ុននោះទៅវិញទេ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាននិយាយថា អ្នកខ្លះ ចាប់តាំងពីខ្ញុំចូលមក(តំណែងអគ្គនាយកពន្ធដារ) រហូតមកដល់ឥឡូវនេះ ឃើញថាប្រកាសខាតរហូត អត់ដែលចំណេញ។ ប៉ុន្តែពេលឆែកធនាគារមើល ចង់បាក់គណនី(Account)ធនាគារហើយ។ អត់ដែលចំណេញ! សួរថារកស៊ី៥ឆ្នាំហើយ បើមិនចំណេញ គួរតែរកស៊ីអ្វីផ្សេងវិញ។
អ្នកខ្លះ មានការស្រមើស្រមៃសម្រាប់រដ្ឋ ធ្វើឲ្យសេវាសាធរណៈខ្ពស់ណាស់ ប៉ុន្តែអាចខ្ពស់ពីណាមក បើអត់មានអ្នកបង់ពន្ធ។ ចង់បាន High Way ល្អ ចំណូលពន្ធក៏វាត្រូវទៅតាមហ្នឹងដែរ ចង់បានសេវាសាធារណៈល្អ ចង់បានមន្ទីរពេទ្យល្អ ចំណូលក៏វាត្រូវទៅតាមហ្នឹងដែរ។
លោក គង់ វិបុល បន្តនិយាយថា ម្ចាស់ក្រុមហ៊ុនដកយកប្រាក់មូលធនខ្លួន រហូតដល់ទៅ៥ដងចេញពីប្រាក់ចំណេញក៏មានដែរ បែរជាមកប្រកាសមិនចំណេញទៅវិញ។ លោក គង់ វិបុល ប្រាប់ឲ្យម្ចាស់ក្រុមហ៊ុន និងសហគ្រាស អនុវត្តកាតព្វបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ អត្រាបង់ពន្ធនៅកម្ពុជា នៅមានកម្រិតទាបជាងប្រទេសដទៃច្រើនណាស់ ដូច្នេះអ្នករកស៊ី វិនិយោគទាំងអស់ ត្រូវបំពេញកាតព្វបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន៕ ដោយ ៖ កូឡាប