ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា នៅតំបន់កាស៊ីណូ និងក្លឹបកម្សាន្ដមួយចំនួន អាចនឹងមានបទល្មើសគ្រឿងញៀនកើតឡើង មិនថាតិច ឬច្រើននោះទេ ដូច្នេះសមត្ថកិច្ចដែលមានការពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ បង្កើនការបង្ក្រាបគ្រឿងញៀន នៅតំបន់ទាំងអស់នោះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា គ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញមួយ ដែលពិភពលោកកំពុងទទួលរងការគំរាមកំហែង ហើយស្ថានភាពកំណើននៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន កំពុងតែវិវត្តន៍ទៅតាមចរន្តនៃភាពរីកចំរើនផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ សេដ្ឋកិច្ច និងសង្គម ដែលនិន្នាការនេះ គឺជាការប្រឈមដ៏លំបាកទាំងការអនុវត្តច្បាប់ និងការដាក់ចេញវិធានការដោះស្រាយសម្រាប់ប្រទេសដែលកំពុងរងគ្រោះ។
នៅរសៀលថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩និងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣។
លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានរបាយការណ៍សង្ខេបជូនអង្គសន្និបាត ហើយជាការកត់សំគាល់ ក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានសរុបចំនួន៨០០២ករណី ឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធចំនួន១៦២១៦នាក់ និងគ្រឿងញៀនសរុបចំនួន៥៣៦គីឡូក្រាម។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កន្លងមក មជ្ឈដ្ឋានខ្លះបានរិះគន់រាជរដ្ឋាភិបាលកម្ពុជាថា បានបរាជ័យក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោដោយសដោយសម្ដេចបានឆ្លើយតបថា រាជរដ្ឋាភិបាលមិនមានគំនិតខឹងសម្បារចំពោះការរិះគន់នេះទេ ព្រោះនៅលើពិភពលោក គ្មានប្រទេសណាមួយធ្វើបានជោគជ័យនោះទ ប៉ុន្តែសម្រាប់កម្ពុជា សូមមជ្ឈដ្ឋានរិះគន់ទាំងនោះ មានការពិចារណាចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាបន្តបន្ទាប់ផង។
ក្រឡាហោម ស ខេង បានមានប្រសាសន៍បានណែនាំស្នងការនគរបាលខេត្តទាំងអស់ ត្រូវក្ដាប់ក្ដីកង្វល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងការរំខានសេចក្ដីសុខរបស់ពួកគាត់ នៅតាមមូលដ្ឋានឲ្យបាន ហើយត្រូវមានវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលកំពុងហូរទៅតំបន់ជនបទ និងដាច់ខាតមិនត្រូវបណ្ដោយឲ្យគ្រឿងញៀនមាននៅក្នុងសាលារៀនឡើយ។
សម្ដេចក៏បានក្រើនរំលឹកមន្ត្រីនគរបាលទាំងអស់ មិនត្រូវពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះទេ ហើយរឹតតែមិនត្រូវពាក់ព័ន្ធជាដាច់ខាតការប្រើវប្បធម៌អន្តរាគមន៍ នៅក្នុងបញ្ហាគ្រឿងញៀន ដោយសម្ដេចបានបញ្ជាក់វប្បធម៌អន្តរាគមន៍នេះ មិនថាតែបញ្ហាគ្រឿងញៀនទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ទាំងមូលតែម្ដង ហើយថ្នាក់ដឹកនាំនគរបាលត្រូវតាមដានសកម្មភាពមន្ត្រីរបស់ខ្លួន និងមានវិធានការភ្លាមប្រសិនបើសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន។
ចំពោះសំណូមពររបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិជនពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះ សម្ដេចបានណែនាំឲ្យភាគីពាក់ព័ន្ធត្រូវរៀបចំធ្វើសេចក្ដីព្រាងសេចក្ដីស្នើវិសោធនកម្មច្បាប់នេះឲ្យបានក្នុងឆមាសទី២ឆ្នាំ២០១៩។
សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការអនុវត្តទិសដៅការងារសម្រាប់ឆ្នាំ២០១៩ និងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ សម្ដេចក្រឡាហោម បានអំពាវនាវសប្បុរសជន អង្គការ សមាគម វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សូមចូលរួម និងផ្ដល់ការគាំទ្រតាមគ្រប់លទ្ធភាព ជាមធ្យោបាយ សម្ភារៈ បច្ចេកទេស និងថវិកា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ថានឹងពិតជាខិតខំប្រឹងប្រែងអនុវត្តឲ្យបានជោគជ័យ ប្រកបដោយលទ្ធផលត្រចះត្រចង់នូវរាល់ទិសដៅការងារ ដែលបានកំណត់សម្រាប់ឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត ពិសេសផែនការសម្រាប់ឆ្នាំ២០១៩នេះ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា តំបន់ដែលប្រឈមនឹងគ្រឿងញៀនខ្លាំង អាចនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត អូស្មាច់ ឬកន្លែងដទៃទៀត ដែលមានកាស៊ីណូ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា កន្លែងដទៃទៀតកុំប្រហែសឲ្យសោះ ពិសេសកន្លែងដែលមានកាស៊ីណូ ហើយកន្លែងដែលមានក្លឹបកម្សាន្ដ ត្រូវតែជាគោលដៅដែលត្រូវតែគ្រប់គ្រង ក្ដាប់ឲ្យបានជាប់ ទោះតិច ឬច្រើនមាន (គ្រឿងញៀន) តិចក៏យើងបង្ក្រាប ច្រើនក៏យើងបង្ក្រាប។ កាស៊ីណូ បើមានក្លឹបកម្សាន្ដនៅណុងទៀត កន្លែងណុងហើយជាគោលដៅនៃការចែកចាយ ប្រើប្រាស់ មិនបាច់ទៅរកណាឆ្ងាយនោះទេ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា គោលដៅ បន្ទាប់តំបន់កាស៊ីណូ និងក្លឹបកម្សាន្ដនោះ គឺនៅតាមទីជនបទចំនួន ដែលកំពុងតែប្រឈមនឹងបញ្ហានេះ ហើយប្រសិនបើរកឃើញថាមានបទល្មើសគ្រឿងញៀនមែន ត្រូវតែចាត់វិធានការដោះស្រាយ និងបង្ក្រាបភ្លាមៗ។ បន្ថែមពីនេះ គោលដៅ ដែលត្រូវតែការពារឲ្យបានជាដាច់ខាតនោះ គឺគ្រឿងញៀនចូលក្នុងសាលារៀន ហើយគណៈកម្មការទប់ស្កាត់គ្រឿងញៀន របស់សាលានីមួយៗ ដែលកំពុងតែមានស្រាប់នាពេលបច្ចុប្បន្ននេះ ត្រូវតែបន្ដសកម្មភាពរបស់ខ្លួន។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចក្រឡាហោម ស ខេង៕ ដោយ៖បញ្ញាស័ក្តិ