Saturday, January 29, 2022

នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ទីប្រជុំជន នៅ​ទូទាំងប្រទេស នឹង​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត ១០០​ភាគរយ

​សៀមរាប​៖ ដើម្បី​សម្រេចបាន​នូវ​ទស្សនវិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ក្រសួង​ឧស្សាហកម្ម បាន​ផ្តួចផ្តើម​រៀបចំ គោលនយោបាយ​ទឹកស្អាត របស់​សម្តេច​តេ​ជោ ដែល​កំណត់ថា នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ទីប្រជុំជន​នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត​១០០​ភាគរយ ដោយ​ឈរលើ​បុ​រេ​លក្ខខណ្ឌ ៤​យ៉ាង គឺ ទឹក​មានគុណ ទឹក​មាន​សុវត្ថិភាព ទឹក​មាន​និរន្តរភាព និង​ទឹក​មាន​តម្លៃថោក​សមរម្យ​។​

​ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​រោងចក្រ ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ថ្មី​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩​ខែធ្នូ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ថ្លែងថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត ទឹក​វិល​ទី​២​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​កម្ពុជា​និង​បារាំង ហើយក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ផ្គត់​ផ្គត់​ទឹកស្អាត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​កំណើន​គួរ​ឲ្យ​គត់​សម្គាល់​។ ការកើនឡើង​នូវ​តម្រូវការ​ទឹកស្អាត​នេះ គឺ​បាន​ផ្សារភ្ជាប់​ទៅនឹង​ល្បឿន នៃ​ការរីកចម្រើន​យ៉ាង​លឿន​របស់​ក្រុង​សៀម​រាម ជាពិសេស​កំណើន និង​ការរីកចម្រើន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត សំណង់​ពាណិជ្ជកម្ម ឧស្សាហកម្ម​ទេសចរណ៍ និង​លំនៅដ្ឋាន ក៏ដូចជា​កំណើន​ប្រជាពលរដ្ឋ​។ កត្តា​នេះ​កើតឡើង​បាន​ដោយសារ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

តាម​ការវាយតម្លៃ​រប​ស់​ធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជា នឹង​នៅតែ​បន្ត​រីកចម្រើន​រឹងមាំ ក្នុង​ឆ្នាំ​ខាងមុខ ក្នុងខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ រំពឹងថា​នឹង​សម្រេចបាន​តាម​ការព្យាករណ៍ គឺ​ប្រមាណ​ជាំ​៦,៩​ភាគរយ​ទៅ​៧​ភាគរយ ជា​បន្តទៀត​ដែលជា​កំណើនថេរ​ល្អ​បន្ត​ពី​ឆ្នាំ​២០១៦ ហើយ​អាច​នឹង​បន្ត​រក្សា​កំ​ណើ​រ​ថេរ​ដល់​ឆ្នាំ​២០១៨​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា តម្រូវការ​ទឹក គឺជា​តម្រូវការ​មូលដ្ឋាន​ប្រចាំថ្ងៃ ក្នុង​ជីវិត​របស់​យើងទាំងអស់គ្នា និង​ជា​សិទ្ធិ​ទទួលបាន​ក្នុងការ​រស់នៅ ព្រមទាំង​សម្រាប់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផង​។ ហេតុនេះ ការងារ​ផ្គត់​ផ្គត់​ទឹកស្អាត គឺជា​កិច្ចការ​ចម្បង​មួយ សំដៅ​បំពេញតម្រូវការ​នេះ ស្របទៅនឹង​ការរីកចម្រើន នៃ​សេដ្ឋកិច្ចជាតិ​។ ការផ្តល់សេវា​ទឹកស្អាត ប្រកបដោយ​សុវត្ថិភាព គុណភាព និង​មានតម្លៃ​សមរម្យ ដែល​ប្រជាពលរដ្ឋ​ទាំងអស់ អាច​ទទួលយក​បានជា​កត្តា​មិនអាច​មើលរំលង​បានឡើយ​។ មកទល់ពេលនេះ វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត គឺជា​វិស័យ​គន្លឹះ​មួយ​យ៉ាងសំខាន់ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​វិស័យ​អាទិភាព​ខ្ពស់ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍ​ឥតឈប់ឈរ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ធានា​ឲ្យ​បាន​នូវ​ចីរភាព សុខដុមភាព​នៃ​ការរីកលូតលាស់​របស់​សង្គម សេដ្ឋកិច្ចជាតិ​។ ដើម្បី​សម្រេចបាន​នូវ​ទស្សន​វិស័យនេះ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ផ្តួចផ្តើម​រៀបចំ​គោលនយោបាយ​ទឹកស្អាតរ​បស់​សម្តេច​តេ​ជោ ដែល​កំណត់ថា នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ទីប្រជុំជន​នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត​១០០​ភាគរយ ក្នុងនោះ​ចំនួន​៩០​ភាគរយ ទទួលបាន​សេវាកម្ម​ទឹកស្អាត តាម​បំពង់​សម្រាប់​ប្រើប្រាស់ និង​១០​ភាគរយ​ទទួលបាន​ទឹកស្អាត​ពី​ប្រភព​ផ្សេងៗ ដោយ​ឈរលើ​បុ​រេ​លក្ខខណ្ឌ ៤​យ៉ាង គឺ​១)​ទឹក​មានគុណ (​មិន​ល្អក់កករ មិនធុំ​ក្លិនស្អុយ​) ២) ទឹក​មាន​សុវត្ថិភាព (​មិនមាន​ជាតិពុល​ឬ​មេរោគ​) ៣)​ទឹក​មាន​និរន្តរភាព (​មាន​គ្រប់​រដូវ​មាន​គ្រប់​ម៉ោង​) និង​៤) ទឹក​មានតម្លៃ​ថោក​សម​រម្យ​(​ដោយ​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ចូលរួម​ពិភាក្សា​ក្នុងការ​កំណត់​តម្លៃ​ទឹកស្អាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ផ្តល់​អាទិភាព​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​ទឹក ក្នុង​កម្រិត​អប្បបរមា​សម្រាប់​ប្រជាពលរដ្ឋ​ទីទ័លក្រ​)​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ពិតមែនតែ​នេះ​ជា​គោលដៅ​ដ៏​ធំធេង និង​មាន​មហិច្ឆតា​ខ្ពស់​ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម យ៉ាង​មុតមាំ​ថា នឹង​អាច​សម្រេចបាន ។ គិត​ជា​មធ្យម​មកដល់ពេលនេះ នៅ​ទីប្រជុំជន​ប្រមាណ​ជា​៨៥​ភាគរយ បានទទួល​សេវា​ផ្គត់ផ្គង់​ទឹកស្អាត ជាមួយនឹង​បរិមាណ​ទឹក​ផ្គត់ផ្គង់​ចំនួន​ប្រមាណ​ជាង​៤១៤​លាន​ម៉ែត្រគូប​។ ចំពោះ​តំបន់​ណា​ដែល​រដ្ឋ​មិនទានមាន​លទ្ធភាព​ធ្វើបាន ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​បង្កលក្ខណៈ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ផលិត​និង​ធ្វើការ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​តំបន់​ទាំងនោះ ដោយបាន​ផ្តល់​អាជ្ញាប័ណ្ណ​មាន​សុពលភាព​រហូតដល់រ​យៈ​ពេល​២០​ឆ្នាំ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​កង្វល់ និង​តម្រូវការ​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូ​ឡាប​