(ភ្នំពេញ) ៖ ស្របពេលដែលប្រទេសកំពុងជួបប្រទេសនូវបញ្ហាកង្វះខាតថាមពលអគ្គិសនី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់ពាណិជ្ជករទាំងអស់ ឲ្យលក់ម៉ាស៊ីនភ្លើងក្នុងតម្លៃសមរម្យ។
បើយោងតាមសេចក្តីថ្លែងការណ៍អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគោរព និងថ្លែងអំណរគុណជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះកិច្ចចូលរួមសហការជាមួយរាជរដ្ឋាភិបាល នៃពាណិជ្ជករពាក់ព័ន្ធនឹងការលក់ដូរម៉ាស៊ីនភ្លើង និងសម្ភារដទៃទៀតក្នុងតម្លៃសមរម្យ ជួយសម្រាលនូវការខ្វះខាតថាមពលអគ្គិសនីជាបណ្ដោះអាសន្ន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងវប្បធម៌ដ៏ផូរផង់របស់ខ្មែរប្រជាពលរដ្ឋទាំងអស់តែងតែប្រកាន់ប្រតិបត្តិនូវទំនៀមទម្លាប់និងប្រពៃណីចេះជួយយកអាសារគ្នានៅគ្រាមានអាសន្នឲ្យអ្នកក្រ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរំលឹកផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្កើតនូវវប្បធម៌ថ្មីបន្ថែមមួយទៀត គឺវប្បធម៌នៃការចែករំលែក។ អាស្រ័យហេតុដូច្នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអំពាវនាវដល់ពាណិជ្ជករទាំងអស់ សូមមេត្តាចូលរួម និងរក្សាស្ថានភាពក្សេមក្សាន្ដទាំងអស់គ្នា ជាមួយនឹងប្រពៃណីសាមគ្គីភាពដ៏ល្អនៃសង្គមខ្មែរ ជាពិសេសកង្វះថាមពលអគ្គិសនី ក្នុងរយៈពេលបណ្ដោះអាសន្ន នាបច្ចុប្បន្នកាលនេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដល់អាជ្ញាធរអគ្គិសនីក៏ដូចជាក្រសួងរ៉ែនិងថាមពលដែលលោកបានខិតខំប្រឹងប្រែងចាត់ចែងដោះស្រាយនិងចែករំលែកថាមពលអគ្គិសនីដាក់វេនជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌នៅក្នុងកាលៈទេសៈនេះផងដែរ។អ្នកនាំពាក្យរាជរដ្ឋាភិបាលជឿជាក់ថាបរិយាកាសនៃការខ្វះថាមពលអគ្គិសនីជាបណ្ដោះអាសន្ននេះនឹងបង្កើតបាននូវភាពជាម្ចាស់ការប្រកបដោយការអធ្យាស្រ័យនិងរួបរួមគ្នាជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតដែលជាមោទនភាពរបស់សង្គមខ្មែរយើង៕ ដោយ ៖ កូឡាប