ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា នៅពេលខាងមុខនេះនឹងមានការធ្វើតេស្តទឹកនោម លើមន្ត្រី នគរបាល ប្រសិនបើជាមន្ត្រីនគរបាលរូបណារកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋភ្លាម។
លោកឧត្តមសេនីយ៍ឯកបានសរសេររៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការកាលពីរសៀលថ្ងៃទី 25 ខែមីនាឆ្នាំ 2019 នេះថា៖ ” ខ្ញុំសង្កេតឃើញថា ចំនួនមន្ត្រីនគរបាលដែលបានមកចូលរួមគោរពទង់ជាតិ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមាន វិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។ នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានលើកឡើងអំពីការវិវត្តន៍សភាពថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេស ដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថាមន្ត្រីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្ត្រីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌរដ្ឋដោយមិនមានការយោគយល់អ្វីឡើយ “៕ ដោយ:កូឡាប