ភ្នំពេញ: ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី 26 ខែមីនាឆ្នាំ 2019 នេះបានប្រកាសលើ facebook ផ្លូវការរបស់ខ្លួនថា នៅថ្ងៃសៅរ៍ ទី៣០មីនានេះ ស្ថានទូតបារាំងនឹងបើកទ្វារពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច ដើម្បីទទួលសាធារណជន ដែលចង់មកដើរកម្សាន្តនៅក្នុង«ផ្សារបារាំង»។
កម្មវិធីជាច្រើននឹងត្រូវរៀបចំឡើងដើម្បីតម្រូវតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តគ្រប់វ័យ ដូចជាពិព័រណ៍ផលិតផលបារាំងនៅតាមស្តង់ជាង៥០ សកម្មភាពកីឡា កន្លែងកម្សាន្តសម្រាប់កុមារ ការភ្លក់ម្ហូបបារាំង និងកម្មវិធីសិល្ប:ផ្សេងៗទៀត !
លោកអ្នកអាចមកកម្សាន្តតែឯង ជាលក្ខណ:គ្រួសារ ឬជាមួយមិត្តភក្តិក៏បាន។ ចូលរួមដោយសេរី ។
ស្ថានទូតបារាំងបានបញ្ជាក់បន្ថែមថា “នេះគឺជាឱកាសដ៏ល្អសម្រាប់ស្វែងយល់ពីផលិតផល ជំនាញ និងវប្បធម៌បារាំង ព្រមទាំងភាពជាដៃគូបារាំង-កម្ពុជា”៕ ដោយ:កូឡាប