ភ្នំពេញ ៖ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលបីខែមកនោះ។ នេះបើតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្រៅពីការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានកំណត់របៀបវារៈ សម័យប្រជុំរដ្ឋសភាផងដែរ ក្នុងនោះមាន៖
១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៦។
២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦។
៣-ការបោះឆ្នោតជ្រើសតាំង លោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ឆ្នាំ(២០១៩-២០២៨)។
៤- ការបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦ចំនួនបីផងដែរ មាន ឯកឧត្តម ឃុត ចាន់ដារ៉ា ឯកឧត្តម ខៀវ ភារិទ្ធ និងឯកឧត្តម រ៉ូហ្វី អូស្មាន៕ ដោយ : កូឡាប