ក្រចេះ : ក្នុងឱកាសចុះសិក្សាស្វែងយល់ការងារនៅខេត្តក្រចេះលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកឡើងថា សុខសន្តិភាព ស្ថិរភាពសង្គម មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការអភិវឌ្ឍសង្គម។ បើគ្មានសុខសន្តិភាពគឺប្រទេសជាតិមិនអាចធ្វើការអភិវឌ្ឍអ្វីបានទាំងអស់ រាប់ទាំងផ្នែកធនធានមនុស្សផង។
លោក ហ៊ុន ម៉ានី និងសហការី គណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចុះសិក្សា ស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងបញ្ហាប្រឈមមួយចំនួនរបស់អាជ្ញាធរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងនោះមានវិស័យអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍ ដែលជាការងារបន្ទុករបស់គណៈកម្មការទី៧រដ្ឋសភា។ នៅក្នុងបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកវ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនទៀត។
លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនានាដែលខេត្តក្រចេះសម្រេចបាន។ លោកបានគូសបញ្ជាក់ថា សមទ្ធិផលនានាដែលមាននៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលមានដូចជា អគារ ផ្លូវ ស្ពានថ្នល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមតូចធំ មានការរីកដុះដាលជាបន្តបន្ទាប់នេះកើតចេញពីសុខសន្តិភាព។ ហើយសុខសន្តិភាព មិនមែនកើតបានដោយឯងៗនោះទេ គឺបានមកពីពលីកម្មរបស់ យុវជនស្នេហាជាតិជំនាន់មុន ដូច្នេះយុវជនជំនាន់ក្រោយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យគង់វង្សតទៅ។
លោកប្រធានគណៈកម្មការ បានស្នើដល់អាជ្ញាធរខេត្តបន្តខិតខំបំពេញការងារឲ្យសកម្មទៀត ដើម្បីឆ្លើយតបតម្រូវការសង្គម សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ នៅក្នុងនោះការអភិវឌ្ឍ កសាងធនធានមនុស្សជារឿងសំខាន់។ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានកត់សម្គាល់នូវបញ្ហាប្រឈម មួយចំនួនរបស់ខេត្ត ដោយបានសន្យាថានឹងពាំនាំផលលំបាកទាំងនោះជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចប្រធានរដ្ឋសភា។
ជាការកត់សម្គាល់ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកហ៊ុន ម៉ានី នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តក្រចេះមិនខុសពីខេត្តនានានៅក្នុងប្រទេសនោះទេ គឺទទួលបានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិស័យ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនជាលំដាប់ មិនថាវិស័យអប់រំ វិស័យផ្សេងៗនោះឡើយ។
ជាក់ស្តែង នៅក្នុងខេត្តក្រចេះនាពេលបច្ចុប្បន្ន មានមតេ្តយ្យសិក្សា៩០កន្លែង អនុវិទ្យាល័យមាន៥៣សាលា វិទ្យាល័យមាន១១សាលា សកលវិទ្យាល័យរដ្ឋមានចំនួន១កន្លែង សាលាគរុកោសល្យ១កន្លែង និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៤។ នេះបើតាមការគូសបញ្ជាក់របស់ លោក វ៉ា ថន ៕ ដោយ : កូឡាប