Wednesday, October 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​ស្តីពី ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម ៤.០

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ អង្គារ ៦​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0) ឆ្នាំ​២០១៩ ដែល​ធ្វើ​​ឡើង​នៅ​សណ្ឋាគារ The Great Duke (InterCorn) Phnom Penh​។

​សន្និសីទ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អ្នកជំនាញការ​ក្នុងស្រុក និង​ក្នុង​តំបន់ អ្នកសិក្សា​ស្រាវជ្រាវ មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត​។ សន្និសីទ​ស្តីពី «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម ៤.០» គឺ​ត្រូវបាន​រៀបចំ​ដោយ វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear)​។ សន្និសីទ​នេះ​មាន​ប្រធានបទ​តូចៗ​ជាច្រើន​ទៀត សំដៅ​បំផុស​ឲ្យមាន​ការផ្លាស់ប្តូ​រមតិ​ត្រង់​ទៅ​ត្រង់​មក​ពី​វិធី​ចាប់យក​ឱកាសល្អៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង និង​មាគ៌ារ​អភិវឌ្ឍន៍ និង​ការផ្តល់​គំនិត​ពី​ការកសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​។​

​មុននឹង​ចាប់ផ្តើម​កម្មវិធី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ទទួល​ការស្វាគម​ន៍​ដោយ​មនុស្ស​យន្ត​ឈ្មោះ សូភា (Sophia Robot) ដែល​និយាយ​ជា​ភាសារ​អង់គ្លេស​។ មនុស្ស​យន្ត Sophia គឺ​ត្រូវបាន​នាំ​មក​ដោយ កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP)​ដើម្បី​យក​មក​បង្ហាញ​អំពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP) ដែល​បាន​នាំ​បញ្ញា​សិប្ប​និមិត្ត កញ្ញា រ៉ូបូ សូភា (Robot Sophia) មក​ចូលរួម​ក្នុង​សន្និសីទ​នេះ ដើម្បី​បង្ហាញ​អំពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា តាមរយៈ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ជាមួយនឹង​សារ​ដ៏​ច្បាស់លាស់​របស់​បញ្ញា​សិប្ប​និមិត្ត (Robot Sophia) គឺជា​ការបង្ហាញ​ពី «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម ៤.០» និង «​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ជិតស្និទ្ធ​ក្នុងការ​ប្រែក្លាយ​ឌីជីថល​នៅ​កម្ពុជា​» គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ដូចជា​៖

​ទី​១)​បច្ចេកវិទ្យា​ឌីជីថល អាច​ជួយ​ជំរុញ​កំណើន និង​ប្រសិទ្ធភាព​។ បច្ចេកវិទ្យា​ឌីជីថល រួមមាន ទូរស័ព្ទ​វៃ​ឆ្លត (smart phone) បច្ចេកវិទ្យា​ក្លោដ (cloud computing) បច្ចេកវិទ្យា​ប្រើ​រូ​បូ (robotics) បច្ចេកវិទ្យា​ប្លុក​ឆេន (block chain) និង អ៊ិន​ធើ​ណិ​តនៃ​បរិក្ខារ (internet of things) ជាដើម ដែល​បាន​កំពុង​ផ្តល់​លទ្ធភាព​ខ្ពស់​ក្នុង​ការបង្កើន​ការតភ្ជាប់​រវាង​មនុស្ស និង​មនុស្ស បង្កើតឡើង​នូវ​ធុរកិច្ច​ថ្មីៗ ជាមួយ​នឹង​គំនិត​ថ្មីៗ សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម កាត់បន្ថយរ​បាំង​ចូល​ទីផ្សារ បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃប្រឌិត​ថ្មីៗ និង​បង្កើត​សកម្មភាព​សហគ្រិន​។

​ទី​២)​បច្ចេកវិទ្យា​ឌីជីថល អាច​ជួយ​រដ្ឋាភិបាល​បង្កើន​សមត្ថភាព​វិស័យ​សាធារណៈ​បាន​ល្អប្រសើ​រ ជួយ​បង្កើន​គណនេយ្យភាព និង​តម្លាភាព​ក្នុង​ការផ្តល់​សេវា​សាធារណៈ​នៅតាម​មូលដ្ឋាន ជួយ​ឲ្យ​អាជ្ញាធរ​នៅ​គ្រប់​កម្រិត​អាច​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។ ទន្ទឹមនេះ បច្ចេកវិទ្យា​ឌីជីថល អាច​ជួយ​ពង្រឹង​កិច្ចសហការ ភាព​ជា​ដៃគូ និង​នវានុវត្តន៍​រវាង​ក្រសួង និង​ផ្ទៃក្នុង​ក្រសួង ព្រម​ទាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​។

​ទន្ទឹម​នឹង​ផល​វិជ្ជមាន​នេះ បច្ចេកវិទ្យា​ឌីជីថល ក៏បាន​ផ្តល់​នូវ​គុណវិបត្តិ​ផ្សេងៗ​ផងដែរ​ដូចជា​៖

១) មនុស្ស​យន្ត (Robot) បាននិងកំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស ដែល​នឹង​ធ្វើឲ្យ​មនុស្ស​បាត់បង់​ការងារ​។

២)​ទាមទារ​កម្រិត​ជំនាញ​ខ្ពស់ ដើម្បី​ឲ្យស្រប​ទៅ​នឹង​ការរីកចម្រើន​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​។

៣) វិសមភាព​នៃ​ការទទួល​ផលប្រយោជន៍ ដោយសារ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួលបាន​នូវ​ចំណេះដឹង និង​បច្ចេកវិទ្យា​។

៤)​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល នឹង​បង្កើន​ភាព​ងាយ​រងគ្រោះ ដែល​បណ្តាល​មកពី​ឧក្រិដ្ឋកម្ម ឬ បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សង្គម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា នៅ​ដើមឆ្នាំ​២០១៩ កន្លងទៅនេះ សម្តេច​បាន​ផ្តល់​ការណែនាំ​ដល់​គណៈកម្មាធិកា​រគោល​នយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ឱ្យ​បង្កើត​ក្រុមការងារ​រៀបចំ​ក្របខណ្ឌ​គោល​សេដ្ឋកិច្ច​ឌីជីថល ក្នុង​គោលបំណង​ចាប់​យក​កាលានុវត្តភាព​ពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដោយ​ផ្តោត​លើ​ទិដ្ឋភាព​ធំៗ​៣​គឺ​៖

១)​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ឌីជីថល និង ការរៀបចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​អេឡិចត្រូនិក (e-payment) និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិក​។​

២) ការបង្កើត​ថ្នាល​ឌីជីថល (platform) និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ធុរកិច្ច​ឌីជីថល (ecosystem) និង

៣)​ការលើកកម្ពស់​ឌីជីថល​លូ​ប​នីយកម្ម​-​រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្ម​ឌីជីថល និង​ទិន្នន័យ​បើកចំហរ (Open data)​។​

​ដើម្បី​ឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែល​ជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្តល់​នូវ​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នោះ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​គំនិត​ផ្តួចផ្តើម និង​ការងារ​អាទិភាព​មួយចំនួន​ដូច​ខាងក្រោម​៖

១)​ការរៀបចំ និង​ដាក់ឱ្យ​អនុវត្ត​រដ្ឋាភិបាល​ឌីជីថល (Digital Government) មួយ​ឱ្យបាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​៖ នេះ​គឺជា​បុរេ​លក្ខខណ្ឌ​នៃ​ការកសាង​សេដ្ឋកិច្ច​ឌីជីថល ដែល​ម្ខាង​សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​ប្រកប​ដោយ​គណនេយ្យភាព និង​តម្លាភាព​ក្នុង​ការផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន និង​ម្ខាង​ទៀត​ដើរតួ​ជា​អ្នកជំរុញ (Enabler) តាមរយៈ​ការរៀបចំ និង​ដាក់ឱ្យ​អនុវត្ត​ឧបករណ៍​ឌីជីថល​សំខាន់ៗ ដូចជា​អាស័យដ្ឋាន​ឌីជីថល ហត្ថលេខា​ឌីជីថល អត្តសញ្ញាណប័ណ្ណ​ឌីជីថល ដើម្បី​បង្កើត​ឱកាស​ឱ្យ​វិស័យ​ឯកជន និង​សហគ្រិន​មានលទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរកិច្ច​ថ្មីៗ​។​

២)​ការជំរុញ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​៖ ត្រូវ​បន្ត​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្អឹងខ្នង ដូចជា​ខ្សែកា​បអុប​ទិក​, ខ្សែកា​បអុប​ទិក​បាតសមុទ្រ​, ការ​ចែកចាយ​, និង​ការតភ្ជាប់​ដល់ផ្ទះ និង​ទីតាំង​ធុរកិច្ច និង​មជ្ឈមណ្ឌល ទិន្នន័យ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ Internet មាន​ល្បឿន​លឿន តម្លៃ​សមរម្យ និង​ទៅ​ដល់​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។​

៣)​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ឱ្យបាន​ជា​អតិបរមា​៖ ការអភិវឌ្ឍ​មូលធន​មនុស្ស គឺជា​កត្តា​ចាំបាច់​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​នឹង​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ ជំរុញ​ការអប់រំ​ផ្នែ ស្តេម (STEM) ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ និង​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។​

៤)​ការកសាង និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​បទ​ប្បញ្ញត្តិ​ច្បាប់ និង​ស្តង់ដា​ពាក់ព័ន្ធ​៖ សុវត្ថិភាព ឌីជីថល គឺជា​កត្តា​ចាំបាច់​ក្នុង​ការកសាង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។ កម្ពុជា​នឹង​រៀបចំ​ក្របខណ្ឌ​គតិយុត្ត និង​បទ​ប្បញ្ញត្តិ​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ (Data Security) និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ (Data Privacy) និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត (Cyber Security) ការការពារ និង​រក្សា​ទុក​ព័ត៌មាន​សម្ងាត់ ការធ្វើ​ពាណិជ្ជកម្ម និង​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​បទ​ប្បញ្ញត្តិ​ផ្សេងទៀត ដើម្បី​ការពារ​អ្នកប្រើប្រាស់​។​

៥)​ការលើកកម្ពស់​ការរៀប​ចំ​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី (Ecology)៖ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌីជីថល ដែល​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​តាមរយៈ​ការរៀបចំ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​មួយ​ជា​កញ្ចប់​ដោយ​គិតគូ​ពី​បច្ចេកវិទ្យា ធនធាន​ហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល​។​ល​។ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌីជីថល តាមរយៈ​ការបង្កើត​មូលនិធិ​សហគ្រិនភាព ដែល​មាន​ថវិកា​ចំនួន​៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​អាច​ជួយ​ជា​ធនធាន​ហិរញ្ញវត្ថុ និង​ការប្រឹក្សា​យោបល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស​ក្រុមហ៊ុន​តូចៗ ដែល​ទើប​បង្កើតឡើង ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា សន្និសីទ​នេះ​នឹង​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​កាលានុវត្តភាព បញ្ហា​ប្រឈម​នានា និង​វិធីសាស្ត្រ​សម្រាប់​ការដោះស្រាយ​រួមគ្នា ដែល​កើតចេញ​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ក្នុង​ស្មារតី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​អោយ​អង្គ​សន្និសីទ​ទាំងមូល សម្រេច​បាន​ផ្លែផ្កា និង​ជោគជ័យ​គ្រប់​ភារកិច្ច​ជា​បន្តបន្ទាប់ ជាមួយនឹង​ការប្រកាស​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​នេះ​៕ ដោយ​ ៖ កូឡាប​

 

×