Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​បុណ្យចូលឆ្នាំ​ថ្មី​នឹង​មាន​រថភ្លើង​ដឹក​អ្នកដំណើរ ពី​ស្ថានីយ៍​រថភ្លើង​ ក្នុង​ទីក្រុង​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​នឹង​ដាក់ឲ្យ​ដំណើរការ​រថ​ភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រយៈពេល​៣​ខែ ​ដោយ​ឥតគិតថ្លៃ​ថែមទៀត​ផង​។

​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​ ក្នុងឱកាស​បើក សម្ពោធ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​សាខា​ជ្រោយចង្វា បានបញ្ជាក់​ថា មុន​ចូល​ឆ្នាំ​នេះ ក្រសួង​សាធារណការ​ដែល​មានកា​រ​សហការ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នឹង​ត​ភ្ជាប់​ផ្លូវ​ស្ថានីយ៍​រថភ្លើង​យើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​ព្រលានយន្ដហោះ ដែល​ក្បាលរថភ្លើង​ចំនួន​បី​គ្រឿង ដែល​មួយ​គ្រឿង​ដឹក​បាន​ប្រហែល​១០០​នាក់​។

​លោក​រដ្ឋមន្ត្រី​អះអាងថា ការវិនិយោគ​លើ​ទំហំ​តិចតួច​ប៉ុណ្ណោះ ដែល​ជា​វិនិយោគ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​អ្នកឧកញ៉ា​គិត ម៉េង​។ រថភ្លើង​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ មួយ​គ្រឿង ​តម្លៃ​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក​។

​លោក​ទេសរដ្ឋមន្ដ្រី បាន​ថ្លែងថា សមិទ្ធផល​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា ក៏ដូចជា​នឹង​កើត​មាន​នា​ពេលអនាគត​នេះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដែល​ទាមទារ​ឲ្យ​រួមគ្នា​ថែរក្សា​ឲ្យបាន​។​

​សូមបញ្ជាក់​ថា ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ទៅកាន់​ព្រលាន​យន្តហោះ​នេះ នឹង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ហើយ​ក៏​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ចេញ​ចូល​ព្រលានយន្តហោះ​ផងដែរ​។ ការ​ដំណើរ​តាម​រថភ្លើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឬ ពី​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​ចំណាយ​ពេល​ប្រមាណ​២០ ទៅ ២៥​នាទី​។​នៅក្នុង​រថភ្លើង​មាន​ដាក់​ម៉ាស៊ីនត្រជាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើង​មក​រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×