ភ្នំពេញ ៖ សម្តេចក្រឡាហោម បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ របស់សាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោកប្រធានាធិបតី អ៊ូ ណាក់យ៉ុង មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលតាមដំណើរទស្សនកិច្ចនេះ ពិតជាបានលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ អោយកាន់តែល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម អូ ណាក់យ៉ុង ( Oh Nay-young ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ក្រោយជំនួបពិភាក្សា ការងារនោះ លោក ផាន សុផានិត អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃបានឲ្យដឹងថា គោលបំណងក្នុងជំនួបនោះមានប្រធានបទសំខាន់ចំសំខាន់ចំនួន២ដែលត្រូវលើកមកពិភាក្សា រួមមានទី១-ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ មានបំណងចង់ថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ក្នុងការជួយសម្របសម្រួល រៀបចំនូវការងារសន្តិសុខ យ៉ាងល្អប្រសើរ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ច កាលពីពេលថ្មីៗនេះ របស់ឯកឧត្តម MOON JAE-IN ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ហើយប្រធានបទទី២-គឺពាក់ព័ន្ធនៅហ្នឹងការគ្រោងរៀបចំនូវដំណើរទៅទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង នៅកាន់សាធារណរដ្ឋកូរ៉េ នៅពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធទៅហ្នឹងប្រធានបទទី១លោក ឯកអគ្គរដ្ឋទូត សម្តែងនូវការអរគុណចំពោះសម្តេចក្រឡាហោម ព្រមទាំងមន្ត្រីក្រោមឱវាទ ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ ផ្តល់នូវការងារថែរក្សាសន្តិសុខ យ៉ាងល្អប្រសើរ ជូនដល់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមកម្មវិធីដែលបានគ្រោងទុក ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប។
ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីរីករាយក្នុងការទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ របស់សាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលតាមដំណើរទស្សនកិច្ចនេះ ពិតជាបានលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ អោយកាន់តែល្អប្រសើរ។
សម្តេចមានប្រសាសន៍បន្តថា នេះជាការកាតព្វកិច្ច របស់ក្រសួងមហាផ្ទៃ ជាពិសេសកងកម្លាំងនគរបាលកម្ពុជា ក្នុងការធ្វើយ៉ាងណា ថែរក្សាសន្តិសុខ អោយអោយបានគត់មត់ ជូនដល់គណៈប្រតិភូជាន់ខ្ពស់ របស់សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា។
ចំពោះប្រធានបទទី២-អំពីគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាទៅកាន់សាធារណរដ្ឋកូរ៉េលោក មានបំណងចង់ស្វែងយល់ អំពីចំណុចសំខាន់ៗ ដែលសម្តេចក្រឡាហោម មានការចាប់អារម្មណ៍ ដើម្បីអោយលោក ជួយសម្របសម្រួល ធ្វើអោយដំណើរទស្សនកិច្ច របស់សម្តេចក្រឡាហោម ទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ សមស្របទៅហ្នឹងបរិបទការងារក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនថា ក្រសួងមហាផ្ទៃ មានកិច្ចការធំៗសំខាន់ចំនួន២៖ ទី១-ការងារសន្តិសុខ ថែរក្សាសន្តិសុខ និងទី២-ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូច្នេះក្នុងដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ទៅកាន់សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខនេះ គឺសម្តេចចង់ស្វែងយល់អំពី បញ្ហា២ធំៗនេះ គឺចង់ស្វែងយល់អំពី ដំណើរការគ្រប់គ្រង់ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ របស់សាធារណរដ្ឋកូរ៉េ ក្នុងការធ្វើយ៉ាងណាផ្តល់សេវា សាធារណកាន់តែមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ហើយនិងទី២-សម្តេចក៏ចង់សិក្សាស្វែងយល់អំពី ការងារគ្រប់គ្រង់សណ្តាប់ធ្នាប់ សន្តិសុខ នៅសាធារណរដ្ឋកូរ៉េ ជាពិសេសទៅលើ ការងារធំៗមួយចំនួន ដូចជាៈការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក៏ដូចជាការស្តារនីតិសម្បទារគ្រឿងញៀនជាដើម។ បញ្ហាទាំងនេះ គឺជាបញ្ហាស្របទៅហ្នឹងបរិបទ ក៏ដូចជាស្ថានភាព មិនត្រឹមតែសកលលោកនោះទេ ក៏នៅក្នុងប្រទេសកម្ពុជាផងដែរ ៕ ដោយ ៖ កូឡាប