ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូឆ្នាំ២០១៧នេះ កំពុងបង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ដែលបានដេញកាប់យុវជនម្នាក់ បណ្តាលឲ្យស្លាប់ កាលពីយប់ថ្ងៃទី១៩ ខែធ្នូកន្លងទៅ។
បច្ចុប្បន្ន ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តព្រះសីហនុ កំពុងធ្វើសន្និសីទកាសែត ដល់អ្នកសារព័ត៌មាន ថតរូប និងយកព័ត៌មាន។
សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនទំនើង ៩នាក់ ដែលបានកាប់មនុស្សម្នាក់ស្លាប់ នៅឆ្នេរសមុទ្រអារីស្តុន ចុងអូរឈើទាល ត្រូវនគរបាលស្រាវជ្រាវបង្ក្រាប បានទាំងស្រុងរួចហើយពេលនេះ។
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបង្ហាញមុខពួកជនសង្ស័យទាំង ៩នាក់ ដែលបានប្រព្រឹត្តបទល្មើស មនុស្សឃាតគិតទុកជាមុន ដោយបានព្រួតគ្នាកាប់ទៅលេីយុវជនម្នាក់បណ្ដាលឲ្យស្លាប់ (ក្រុមកាំបិតធំ)។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា អំពើមនុស្សឃាតនេះ បានកើតឡើង នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០ និង២០នាទី ពេលដែលជនរងគ្រោះ និងនារីម្នាក់ បានអង្គុយនិយាយគ្នាលេង នៅឆ្នេរសមុទ្រអារីស្តុន តំបន់ចុងអូរឈើទាលក្រុងព្រះសីហនុ។ បន្តថា ជនរងគ្រោះដល់ស្លាប់ ឈ្មោះ សយ លួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កាស៊ីណូបុគ្គលិកប៉ាវម៉ាយ។
លោក កុល ផាលី បានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ កម្លាំងជំនាញបើកការស៊ើបអង្កេត រកមុខសញ្ញាជាបន្ទាន់ ហើយ ជាលទ្ធផល នៅថ្ងៃទី២០-២១ ខែធ្នូ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ បានចំនួន ៩នាក់ រួមមាន៖
១.ឈ្មោះ ជា វីដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងភ្លេង មានទីលំនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ចារីដៃដល់) ក្រុម AL។
២.ឈ្មោះ គង់ មាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម AL។
៣.ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម ADZ ។
៤.ឈ្មោះ យូ អ៊ី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ(សហចារី) ក្រុម ADZ។
៥.ឈ្មោះ ឃាង ណារិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៦.ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមអាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាស ក្រុមADZ ។
៧.ឈ្មោះ បូ ចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៨.ឈ្មោះ សោម វីរតនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ(សមគំនិត) អ្នកផ្តល់កាំបិតក្រុម ADZ។
៩.សោម រតនៈ ភេទប្រុសអាយុ ១៨ឆ្នាំ។
លោក កុល ផាលី បញ្ជាក់ថា ករណីនេះសមត្ថកិច្ចចាប់យកបាន វត្ថុតាងរួមមាន ៖
១.កាំបិតកាចែត ចំនួន១ (ឧបករណ៍សម្រាប់ធ្វើឃាត)
២.អាវុធខ្លី ម៉ាកឡុក ១៧ ប្រើហ្គាសចំនួន១ដើម
៣.ម៉ូតូ ចំនួន២គ្រឿង (ម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ចំនួន១ និងម៉ាក MSX ចំនួន ១ )។
លោកថា មូលហេតុ គំនុំប្រកាន់បក្សពួក រវាងក្រុមបងតូចបងធំ ពួកវាបានចែកជាក្រុមមាន៖ ក្រុម K-BOY និង ក្រុមកាំបិតធំ,ក្រុម Al, និងក្រុម ADZ ។
ហើយថា ករណីនេះកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕ ដែន សីមា