Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ផ្តល់​អនុសាសន៍​៥​ចំណុច ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា ត្រៀម​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ Sea Games នៅ​ឆ្នាំ ២០២៣

​ភ្នំពេញ ​៖ ​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បិ៍ ១៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបជុំ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា ចំនួន ៤,០៩៦​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ គឺជា​ផ្នែក​មួយ​ដើម្បី​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនី ក៏ដូចជា​មន្ដ្រី និង​គ្រូបង្វឹក ដែល​បាន​ខិតខំ​យ៉ាងខ្លាំង​នៅក្នុង​វិស័យ​កីឡា​កន្លងមក និង​បានបង្ហាញ​ការស្រលាញ់​ដោយស្មោះ​ស្ម័គ្រ​របស់​កីឡាករ​កីឡាការិនី ដែល​ពួកគាត់​តែងតែ​ទុកចិត្ត និង​គាំទ្រ ១០០% ចំពោះ​ការដឹកនាំ​របស់ សម្ដេច តេ​ជោ​ប្រមុខ​ដឹកនាំ និង​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិតជា​រីករាយ​ខ្លាំង​ណស់ ដែល​បាន​អញ្ជើញ​មកជួប​បងប្អូន​កីឡាករ កីឡាការិនី​ដោយផ្ទាល់ ជា​លើក​ទី​៤​នៃ​ឆ្នាំ​២០១៩​នេះ ដែល​សម្តេច​គិតថា នេះ​គឺជា​ការជួបជុំ​មហា​គ្រួសារ​នៃ​បងប្អូន​កីឡាករ​កីឡាការិនី​រប​ស់​ប្រទេស​កម្ពុជា​យើង​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ គ្រូបង្វឹក​ហាត់ ជាពិសេស កីឡាករ កីឡាការិនី និង​សហព័ន្ធ​កីឡា​ទាំងអស់ ដែល​បានរៀបចំ​អោយមាន​ការជួបជុំ​ជា​លើក​ទី​៤​នេះ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេស​កីឡាករ កីឡា​ការ​នី​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​អោយ​កាន់តែ​រីកចម្រើន​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ ក៏​អរគុណ​ដល់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​តែងតែបាន​ជួយ​គាំទ្រ​ផ្នែក​កីឡា តាមរយៈ​ការ​ឧ​ត្ត​ម្ភ​តាម​កម្មវិធី​នៃ​ការប្រកួត​កីឡា​ផ្សេងៗ​តាម​ទូរទស្សន៍​នា​ន និង​ក៏បាន​អរគុណ និង​កោតសរសើរ​ផងដែរ​ចំពោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ផ្សេងៗ​នៅ​ទី​កន្លង​នានា​កន្លងមកនេះ​។​

​ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ពេលវេលា​ដែល​កម្ពុជា​ត្រូវធ្វើ​ម្ចាស់​ប្រទេស​រៀបចំ​កីឡា Sea Games នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ ហើយ​ដែល​ឆ្នាំ​នោះ ក៏​ជា​ឆ្នាំ​ដែល​​កម្ពុជា​យើង​ត្រូវ​រៀបចំ​បោះឆ្នោតជាតិ​ផងដែរ​។ ស្រប​ជាមួយគ្នា​នោះ ជា​ពេលដែល​កម្ពុជា​នឹង​ទទួលបាន​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​សាងសង់​រួចរាល់​នៅ ខែ មិថុនា ឆ្នាំ​២០២៣ ដែល​យើង​នឹង​អាច​ប្រើប្រាស់​សំរាប់ Sea Games ទៀតផង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ចំនួន​៥​ចំណុច​សំខាន់ៗ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា អោយ​កាន់តែ​រីកចម្រើន​៖

១)​សម្តេច​តេ​ជោ ក៏​សូមអោយ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​អោយបាន​រួចរាល់ ដើម្បី​ត្រៀម​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ Sea Games នៅ​ឆ្នាំ ២០២៣ ។​

២)​សម្តេច​តេ​ជោ បាន​ជំរុញ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​កីឡា​ទាំងអស់ ជាពិសេស ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​បន្ត​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​កីឡា​នេះ អោយបាន​ច្រើន​បន្ថែមទៀត ដើម្បីអោយ​កម្ពុជា​យើង​មាន​ធនធានមនុស្ស​ផ្នែក​កីឡា​នេះ​កាន់តែ​សំបូរបែប​។​

៣)​សម្តេច​តេ​ជោ បាន​អំពាវនាវ​មហាជន​ទាំងអស់​ត្រូវ​ជំរុញ​ចលនា​កីឡា​នេះ​អោយបាន​ច្រើន​ថែមទៀត ។ អាជ្ញាធរ , គណៈ​ពង្រេ​ង​មូលដ្ឋាន​នានា ក៏ត្រូវ​ចូលរួម​កសាង និង​បង្កើត​កន្លែង​លេង​កីឡា​អោយបាន​ច្រើន​ប្រភេទ ឬ​យ៉ាងហោចណាស់​អោយមាន​តារាង​បាល់ទាត់​១​កន្លែង​។​

៤ )​សម្តេច​តេ​ជោ បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​បង្កើត​ធ្វើ​លំ​ហាត់ប្រាណ ឬ​លេង​កីឡា​អោយបាន​ច្រើន ជាពិសេស អាជ្ញាធរ​ត្រូវ​រក​និង​ត្រូវ​ទុក​ទីតាំង​ណា​សមស្រប​សំរាប់​ជា​កន្លែង​ហាត់ប្រាណ ដល់​ប្រជាពលរដ្ឋ​តាម​ទីសាធារណៈ​នានា ព្រោះ​កីឡា​នាំមក​នូវ​សុខភាព​។​

៥) សុំអោយ​អាជ្ញាកណ្តាល​ផ្នែក​កីឡា​ទាំងអស់ គឺ​រាល់​ការប្រកួត​កីឡា​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុ​ក្រិត​ភាព​ក្នុងការ​ដាក់ពិន្ទុ ឬ​កាត់សេចក្តី​ផ្សេងៗ​នៃ​ការប្រកួត ព្រោះ​កន្លងមក​ឃើញថា​ហាក់បីដូច​មាន​ភាពលម្អៀង នឹងមិន​មាន​សុ​ក្រិត​ភាព​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុងឱកាស​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ពោលគឺ​ចាប់​នៅ​ថ្ងៃ​១២ ដល់​១៨ មេសា ដែលមាន​រយៈពេល​៧​ថ្ងៃ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចេញ​រថយន្ត​ចំនួន​១២០​គ្រឿង ដើម្បី​ផ្តល់​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ទីក្រុង​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​នា និង​វិលត្រឡប់​ពី​បណ្តា​ខេត្ត​នានា មកកាន់​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ​ឡើយ​។ រថយន្ត​ទាំងអស់នោះ​គឺ​បញ្ចេញ​តាមផ្លូវ​ជាតិ​សំខាន់ៗ​ដូចជា ផ្លូវជាតិ​លេខ ១, ផ្លូវជាតិ​លេខ​២, ផ្លូវជាតិ​៣, ផ្លូវជាតិ​លេខ​៤ ,​ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧, និង​ផ្លូវជាតិ​លេខ​៨ ។ ចំណែកឯ​ទីក្រុង​ភ្នំពេញ​វិញ ក៏​ដូចគ្នា​គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​១៨ មេសា គឺមាន​រថយន្តក្រុង​ក្រុងភ្នំពេញ និង​កាណូត​ដឹក​អ្នកដំណើរ​តាម​ទន្លេរ គឺ​មិន​យកប្រាក់​ថ្លៃ​ដឹកជញ្ជូន​ឡើយ​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​កីឡាករ កីឡាការិនី​ចូលរួម​ធ្វើ​រឿង​ដែល​ល្អ​ក្នុងសង្គម​ចំនួន​៣ គឺ ៖

​ទី​១) សូមអោយ​កីឡាករ​កីឡាការិនី​សូម​ចូលរួម​អប់រំ​ចរាចរណ៍​ផ្លូវគោក​ទាំង​ខ្លួនឯង​ផង និង​ទៅដល់​អ្នក​ដ៏​ទៃ​ផងដែរ​។ ពីព្រោះ​បញ្ហា​ចរាចរណ៍​គឺជា​រឿ​ដ៏​សំខាន់​ដែល​ត្រូវតែ​យកចិត្តទុកដាក់​។ ជាពិសេស គឺ​ត្រូវ​បំផុស​អោយ​ពលរដ្ឋ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ និង​ហាម​បើកបរ​ពេល​ស្រវឹង​ជាដើម​។ ជាក់ស្តែង សម្តេច​តេ​ជោ មានការ​សោកស្តាយ​ជាទីបំផុត ចំពោះ​សោក​នា​ដ្ឋ​កម្ម​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដែល​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើអោយ​និស្សិត​ស្រី​ម្នាក់​បាត់បង់​ជីវិត​។ សម្តេច​តេ​ជោ បាន​បន្តថា នៅពេល​ដែលមាន​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​នោះ ទាំង​អ្នកបង្ករ​ក៏ត្រូវ​ជាប់ទោស បាត់បង់​អនាគត ទាំង​គ្រួសារ​រងគ្រោះ​ត្រូវ​បាត់បង់​អាយុជីវិត​កូន​ជាទី​ស្រលាញ់​ផងដែរ​។​

​ទី​២) សម្តេច​សំណូមពរ​អោយ​កីឡាករ និង​កីឡាការិនី​ទាំងអស់ ចូលរួម​ជួយ​ទប់ស្កាត់​គ្រឿងញៀន ជាពិសេស ចំពោះ​កីឡាករ​កីឡាការិនី គឺ​ត្រូវតែ​ជៀសវាង​អោយបាន​ជាដាច់ខាត ព្រោះ​រាល់​ការប្រកួត ពេលដែល​គេ​ពិនិត្យ​ដឹងថា​មាន​គ្រឿងញៀន​នោះ គឺ​គេ​មិនអោយ​ឡើង​ប្រកួត​នោះទេ​។​

​ទី​៣) សុំអោយ​កីឡាករ​កីឡាការិនី ចូលរួម​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺអេដស៍ (AIDS) និង​ត្រូវ​ចេះ​អប់រំ​គ្នា ពី​បញ្ហា​ចម្លង នៃ​មេរោគ​អេដស៍​នេះ ជាពិសេស​គឺ​សំរាប់​ក្រុម​បុរស ស្រលាញ់​បុរស​ភេទ​ដូចគ្នា​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ចំពោះ​កីឡាករ​កីឡាក​រិ​នី រួមទាំង​គ្រូបង្វឹក​ទាំងអស់ គឺ​ត្រូវ​ទទួលបាន​របប​គាំពារ​សង្គម​ដូចៗ​គ្នា​ដូចជា សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​, ការ​ជិះ​រថយន្តក្រុង​មិន​គិតថ្លៃ យ៉ាងហោចណាស់​មិនតិចជាង​២​ឆ្នាំ​ឡើយ​។​

​នៅថ្ងៃនេះ​ផងដែរ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​ទាំងអស់ ដែល​សរុប​មាន​ចំនួន ៤,០៩៦ នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​នាពេលនេះ គឺ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានផ្តល់​ជូន​នូវ​ថវិកា​ក្នុង​មួយ​នាក់​ទទួលបាន ១០​ម៉ឺន​រៀល​។ នៅក្នុង​ពិធី​ល្ងាច​នេះ បងប្អូន​កីឡាករ កីឡាការិនី ក៏បាន​រាំលេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​៕​ ដោយ​៖​កូ​ឡាប​

×