ខេត្តព្រះសីហនុ ៖ ប្រធានសមាគមទូកទេសចរណ៍ ប្រចាំខេត្តព្រះសីហនុ គឺលោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា នា ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ដែលនឹងចូលមកដល់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។ លោកថា វិស័យឯកជន ដែលបើកបំរើសេវាដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមសមុទ្រ ឆ្ពោះទៅកាន់បណ្ដាកោះនានា ក្នុងខេត្តព្រះសីហនុ បានត្រៀមលក្ខណៈជាស្រេច និងមានការទទួលខុស ចំពោះសុវត្ថិភាពរបស់ភ្ញៀវ ដោយយកចិត្តទុកដាក់។
លោកឧកញ៉ា ទៀ វិចិត្រ បន្តថាយោងតាមការណែនាំពីថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ គឺខាងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរទាំងអស់ នៅខេត្តព្រះសីហនុ បានត្រៀមផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមានបំណងចេញទៅលេងកម្សាន្ត តាមបណ្តាកោះនានា ដោយយកចិត្តទុកដាក់ខ្ពស់។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបង្ហាញជំនឿដល់ភ្ញៀវថា រាល់ថ្ងៃនេះសេវាដឹកជញ្ជូនតាមសមុទ្រ ឬតាមបណ្តាកោះនានា គឺបានផ្តោតជាសំខាន់ទៅលើសុវត្ថិភាព របស់អ្នកដំណើរ ឬភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូបជាចម្បង។
លោកឧកញ៉ាសង្កត់ធ្ងន់ថា គ្រប់កប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទាំងអស់នាខេត្តព្រះសីហនុ គឺបានបំពាក់នូវឧបករណ៍ សម្រាប់ជួយសង្គ្រោះ ពេលជួបបញ្ហាផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុណាមួយនៅលើលំហសមុទ្រមានដូចជា៖ មធ្យោបាយដឹកជញ្ជូននីមួយៗ គឺបានបំពាក់អាវពោង ការពារ និងការកំណត់ចំនួនភ្ញៀវដែលជិះ នៅលើទូក ឬកប៉ាល់ដឹកភ្ញៀវនីមួយៗ មិនឲ្យលើសចំនួនជាដើម..។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ផងដែរនោះ បានបញ្ជាក់ថា ការងារគាំពារដល់សុខ សុវត្ថិភាព ជូនភ្ញៀវទេសចរ ចេញទៅកម្សាន្តតាមសមុទ្រ ឬតាមបណ្តាកោះនាខេត្តព្រះសីហនុ ក៏ទទួលបានកិច្ចសហការ ចុះត្រួតពិនិត្យជាប្រចាំ ពីសំណាក់កម្លាំងសមត្ថកិច្ចជំនាញ ឬនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលដាក់ឲ្យប្រចាំការ នៅតាមផែទូកទេសចរណ៍នីមួយៗ យ៉ាងច្បាស់លាស់ថែមទៀតផង។
សូមស្លេះការបរិយាយខាងលើត្រឹមប៉ុណ្ណោះសិន ហើយបង្វែអារម្មណ៍លោកអ្នក ឲ្យងាកមកតាមដាន ចំពោះគោលដៅទេសចរណ៍ នៅតាមបណ្តាកោះនីមួយៗវិញ លោកឧកញ៉ា ទៀ វិចិត្រ បានអះអាងថា បច្ចុប្បន្ននេះ ប្រតិបត្តិករ ឬវិស័យឯកជន នៅតាមបណ្តាកោះមួយចំនួន បានរៀបចំ ទីតាំងរៀងៗខ្លួន មានបរិស្ថានអនាម័យ និងមានសោភ័ណភាពល្អ ដោយមានការរួមសហការ រវាងមន្ត្រីមូលដ្ឋាន ជម្រុញឲ្យទីតាំងកម្សាន្តនីមួយៗ មានសោភ័ណភាព បរិស្ថានឆ្នេរ និងរក្សាសុវត្ថិភាពសន្តិសុខទូទៅ ជូនភ្ញៀវទេសចរ មានការទទួលខុសត្រូវខ្ពស់។
លោកឧកញ៉ាបន្តថា ជាក់ស្តែង សម្រាប់ឆ្នេរកម្សាន្ត កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ឯណោះវិញ គឺប្រតិបត្តិករទេសចរណ៍ បានបង្កើតឲ្យមានបឹងហ្គាឡូ ឬទីកន្លែងសម្រាកលំហែមានឈ្មោះថា “ម៉ាហ្វីយ៉ារីស្សត” ដែលមានអនាម័យ សោភ័ណភាពស្រស់ស្អាត ស្ងប់ស្ងាត់ តាមបែបធម្មជាតិពិតៗ រង់ចាំបំរើសេវាស្នាក់នៅ និងបំរើសេវាម្ហូបអាហារ ជូនភ្ញៀវទេសចរ ដ៏សម្បូរបែប មានរស់ជាតិឆ្ងាញ់ពិសារ មានអនាម័យ និងមានតម្លៃសមរម្យ។
ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ទៀតថា បច្ចុប្បន្នភាព នៃឆ្នេរកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង គឺក្រៅពីមានបំរើទាំងអាហារដ្ឋាន នុងកន្លែងស្នាក់នៅ ជូនដល់ភ្ញៀវទេសចរ ម៉ាហ្វីយ៉ារីស្សត ក៏មានបំរើនូវឧបករណ៍កម្សាន្តជាច្រើនប្រភេទទៀត សម្រាប់ផ្តល់ជម្រើសសប្បាយរីករាយ ជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិថែមទៀតផង។
ចំណែក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តំបន់ទេសចរណ៍នៅតាមបណ្តាកោះនានា ក្នុងមូលដ្ឋាននេះ ជាពិសេសឆ្នេរកម្សាន្ត នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម គឺជាគោលដៅ ដ៏សំខាន់ និងមានភាពទាក់ទាញបំផុត ក្នុងចំណោមគោលដៅទេសចរណ៍មួយនេះទៀត នាខេត្តព្រះសីហនុ។
ជាងនេះទៀត លោកទទួលស្គាល់ថា តាមរយៈការចូលរួម របស់ប្រតិបត្តិករទេសចរ ឬវិស័យឯកជន បើកបំរើសេវារកទទួលទាន លើវិស័យទេសចរណ៍នានា គឺពិតជាបានចូលរួមចំណែក ជួយជម្រុញឲ្យវិស័យទេសចរណ៍ នាខេត្តព្រះសីហនុ កាន់តែមានសន្ទយះរីកចំរើនជាបន្តបន្ទាប់ ឬរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ៕ ដោយ ៖ ដែន សីមា