ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនមានពត៌មានស៊ើបការណ៍ដ៏គួរឲ្យទុកចិត្តបានថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារយោធាលើប្រទេសប៉ាគីស្ថានក្នុងខែនេះ។ ប៉ុន្តែការចោទប្រកាន់របស់ប៉ាគីស្ថាន ត្រូវបានឥណ្ឌាច្រានចោល។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mehmood Qureshi បានធ្វើការចោទប្រកាន់នោះកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
លោកថ្លែងប្រាប់អ្នកសារពត៌មានថា “មានឱកាសជាច្រើនដែលនឹងមានការវាយប្រហារទៀត ប្រឆាំងនឹងប៉ាគីស្ថាន ហើយបើយោងតាមពត៌មានដែលទទួលបាន ការវាយប្រហារលើប៉ាគីស្ថាននោះអាចនឹងកើតឡើងចន្លោះថ្ងៃទី ១៦ ដល់ ២០ ខែមេសា”។
រដ្ឋមន្ត្រីការបរទេសរូបនោះថ្លែងបញ្ជាក់ថា គាត់បានធ្វើការអះអាងដោយមានទំនួសខុសត្រូវ ដោយបញ្ជាក់ថា ការវាយប្រហារនោះមានគោលបំណងដាក់សម្ពាធការទូតប្រឆាំងនឹងប្រទេសប៉ាគីស្ថាន។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប៉ាគីស្ថាន និងឥណ្ឌាកំពុងស្ថិតក្នុងស្ថានដ៏អាក្រក់ ក្រោយពេលពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានបើកការវាយប្រហារលើទាហ៊ាន ឥណ្ឌាកាលពីខែមុននៅតំបន់ Kashmir បណ្តាលឲ្យទាហ៊ានឥណ្ឌាស្លាប់ និងរបួសជាច្រើននាក់។
ឥណ្ឌាបានធ្វើការឆ្លើយតបនឹងការវាយប្រហារនោះ ដោយបានធ្វើការវាយប្រហារតាមដែនអាកាស ទៅលើជំរុំហ្វឹកហាត់របស់ពួកសកម្មប្រយុទ្ធនៅក្នុងទឹកដីរបស់ប៉ាគីស្ថាន។
ភ្លាមៗក្រោយមានការវាយប្រហារ ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចំបាំងឥណ្ឌាចំនួន ១គ្រឿងដែលហោះចូលតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងបានចាប់អ្នកបើកយន្តហោះឥណ្ឌាម្នាក់។ ប៉ុន្តែពេលក្រោយមក ប៉ាគីស្ថានបានដោះលែងអ្នកបើកយយន្តហោះនោះឲ្យទៅឥណ្ឌាវិញ។
សូមរម្លឹកថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា ព្យាយាមចង់គ្រប់គ្រងតំបន់ Kashmir តែម្នាក់ឯង ប៉ុន្តែប្រទេសទាំង ២នេះ គ្រប់គ្រងបានតែម្នាក់មួយផ្នែកប៉ុណ្ណោះ៕
អត្ថបទប្រែសម្រួលដោយ ៖ សុភ័ក្រ
ប្រភព៖ BBC