សម្តេចសង្ឃដាឡៃឡាមា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា ដោយសារតែមានបញ្ហាសុខភាព ប៉ុន្តែមានសេចក្តីរាយការណ៍ថា សុខភាពរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពនឹងន។
ជំនួយការផ្ទាល់របស់លោក ឈ្មោះ Tenzin Taklha បាននិយាយថា សម្តេចសង្ឃត្រូវបានគេដឹកទៅកាន់ទីក្រុងដេលីពីផ្ទះរបស់គាត់ បន្ទាប់ពីគាត់ត្អូញថាមិនស្រួលក្នុងខ្លួន។
សូមបញ្ជាក់ថា សម្តេចសង្ឃដាឡៃឡាមា បច្ចុប្បន្នមានព្រះជន្មាយុ ៨៣ព្រះវស្សាហើយ។ ព្រះអង្គបានភៀសព្រះកាយទៅកាន់ប្រទេសឥណ្ឌាអស់រយៈពេល ៦០ឆ្នាំមកហើយ ក្រោយពេលការប៉ះបោរប្រឆាំងនឹងការដឹកនាំចិនបានបរាជ័យ។
ព្រះអង្គធ្លាប់បានឈ្នះពានរង្វាន់ Nobel ហើយព្រះអង្គគឺជាវាគ្មិនដ៍មានប្រជាប្រិយខ្លាំង ប៉ុន្តែព្រះអង្គមិនបានធ្វើដំណើរជុំវិញពិភពលោកដើម្បីទេសនានោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាសុខភាព។
ប្រទេសចិនបានគ្រប់គ្រងខ្ពង់រាបទីបេក្នុងឆ្នាំ ១៩៥០ ហើយចិនបានមើលឃើញថា សម្តេចសង្ឃដាឡៃឡាមា គឺជាអ្នកប៉ះបោរដ៏មានគ្រោះថ្នាក់ខ្លាំង។
ប្រទេសចិនបាននិយាយថា មេដឹកនាំរបស់ខ្លួនមានសិទ្ធិក្នុងការជ្រើសរើសអ្នកស្នងដំណែង ប៉ុន្តែកាលពីខែមុន សម្តេចសង្ឃដាឡៃឡាមាបានបញ្ជាក់ថា រាល់មេដឹកនាំទាំងអស់ដែលជ្រើសរើសដោយចិន ប្រជាជនទីបេនឹងមិនទទួលស្គាល់ឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC