Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើ​សុំ UN-ESCAP ជួយ​បណ្តុះបណ្តាល និង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​មន្ត្រី​កម្ពុជា ទៅ​ហ្វឺ​ក​ហាត់​ការងារ​នៅក្នុង UN-ESCAP

(​ភ្នំពេញ​) ៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួល​ជួប សវនាការ និង​សំដែង​ការគួរសម​ជាមួយ​លោកស្រី​បណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ សហប្រជាជាតិ (UN-ESCAP) ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០៣​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, នា​រសៀល​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសថា ពិភាក្សា​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង UN-ESCAP ដើម្បី​គោលដៅ​រួម ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​លោកស្រី​បណ្ឌិត និង​បាន​ជម្រាបជូន​ភ្ញៀវ អំពី​វឌ្ឍនភាព​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​កន្លងមក ដោយ​ក្នុងនោះ កម្ពុជា​បានរៀបចំ​នូវ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ (​គ​.​អ​.​ច​.​ក​.) -Cambodia Sustainable Development Goals-CSDGs» ដែលមាន​១៨​គោលដៅ​, ៨៨​ចំណុច​ដៅ និង​១៤៨ សូចនាករ ហើយ​ដែល​នឹងត្រូវ​ចូលរួម​អនុវត្ត ទៅតាម​សមត្ថកិច្ច​នៃ​ក្រសួង​-​ស្ថាប័ន​នានា​។​

​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ គឺជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ផ្តោតលើ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ ចំនួន​៤ រួមមាន​៖ កំណើន​ការងារ​, កាត់បន្ថយ​ភាពក្រីក្រ​, សមត្ថភាព​ស្ថាប័ន សាធារណៈ និង​ការពង្រឹង​អភិបាលកិច្ច​។​

ទន្ទឹមនឹង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ខ្ពស់​, យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក៏បាន​ផ្សារភ្ជាប់ «​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​» ជាមួយ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ ការអភិវឌ្ឍ​ធនធានមនុស្ស​, ការលើកកម្ពស់​ការអប់រំ និង​ជំនាញ​វិជ្ជាជីវៈ​, ការលើកកម្ពស់​សេវាសាធារណៈ និង​អាហារូបត្ថម្ភ រួមទាំង​ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​។​

​ជាមួយគ្នានេះ «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥» ត្រូវបាន​អនុម័ត ក្នុង​គោលបំណង​ធានា​សន្តិសុខ​ប្រាក់ចំណូល និង​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព​និង​ពង្រឹង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។​

​លោកស្រី​បណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ក៏បាន​ជម្រាបជូន អំពី​គម្រោង​សហប្រតិបត្តិការ​នានា របស់ UN-ESCAP ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​ជា​សមាជិក ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុងនោះ មាន​កិច្ចសហប្រតិបត្តិការ ជា​ជំនួយ​បច្ចេកទេស​, កិច្ចសហប្រតិបត្តិការ លើ​ការអភិវឌ្ឍន៍​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា គោលនយោបាយ​កែទម្រង់​សារពើរ​ពន្ធ​ជាដើម​។​

ឆ្លៀត​ក្នុងឱកាស​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើសុំ UN-ESCAP ជួយ​បណ្តុះបណ្តាល និង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​មន្ត្រី​កម្ពុជា ទៅ​ហ្វឺ​ក​ហាត់​ការងារ​នៅក្នុង UN-ESCAP និង​បាន​សម្តែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ ដ៏​ល្អប្រសើរ​របស់ UN-ESCAP ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា និង​បាន​ជូនពរ​លោកស្រី​បណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ UN-ESCAP ឲ្យ​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ការងារ​របស់​លោកស្រី​នៅ​កម្ពុជា​៕​ ដោយ​ ៖​ កូ​ឡាប​

×