Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ថោង ខុន​៖ សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប នឹង​ក្លាយជា​សហគមន៍​ទេសចរណ៍​ដ៏​ទាក់ទាញ​

(​សៀមរាប​)៖ លោ​កម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប បាន​អះអាងថា សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប នឹង​ក្លាយជា​សហគមន៍​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត នៅ​ខេត្តសៀមរាប ដើម្បី​បំពេញតម្រូវការ​បន្ថែម​ជូន​ភ្ញៀវទេសចរ​។​

​ជាការ​ពិតណាស់ នៅ​សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង​នេះ មាន​សក្តានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ដែល​ស្រលាញ់​ចូលចិត្ត​ធម្មជាតិ មើល​សត្វ​ស្លាប គយគន់​ថ្ងៃ​លិច ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​សហគមន៍​នេសាទ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​អះអាង​អំពី​ការគ្រប់គ្រង​នៅ​តំបន់​បឹង​ពារាំង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​រួចមក លោក​ថោង ខុន បាន​ពន្យល់ថា ក្រសួងទេសចរណ៍​មិន​ទាមទារ​នូវ​ការចុះបញ្ជី ឬ​ការគ្រប់គ្រង​ទៅលើ​សហគមន៍​នេសាទ ឬ​សហគមន៍​តំបន់ការពារធម្មជាតិ​ទេ ប៉ុន្តែ​ក្រសួងទេសចរណ៍​អាច​ទទួលស្គាល់​សហគម​ន៍​ណាមួយ ជា​សហគមន៍​ទេសចរណ៍​បាន លុះត្រាតែ​សហគមន៍​ទេសចរណ៍​នោះ អាច​បង្ហាញ​គោលការណ៍ ២​សំខាន់​៖ ទី​១. សហគមន៍​ទាំងនោះ​មាន​សក្តានុពល​ទេសចរណ៍​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន និង​ទី​២. សហគមន៍​ទាំងនោះ​បានរៀបចំ​ត្រឹមត្រូវ​តាម​ស្តង់ដា​សហគមន៍​ទេសចរ​ជាតិ និង​អាស៊ាន​។​

​ជាក់ស្តែង​នៅ​តំបន់​បឹង​ពារាំង​នេះ ប្រជាពលរដ្ឋ​សហគមន៍​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិរក្ស​នូវ​ធនធាន​ជលផល ជាពិសេស​ត្រី​ធម្មជាតិ ដែលជា​ប្រភព​ទាក់ទាញ​សត្វ​ស្លាប​រាប់សែន​ក្បាល​ឲ្យ​មក​ស្នាក់អាស្រ័យ ធ្វើ​សំបុក​ពង​កូន ដែល​ទាំងនេះ​បង្កើតបានជា​សក្តានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ដែល​ស្រលាញ់​ចូលចិត្ត​ធម្មជាតិ មើល​សត្វ គយគន់​ថ្ងៃ​លិច ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។​

​គំរូ​នៃ​ការ​ប្រែក្លាយ​សហគមន៍​នេសាទ និង​សហគមន៍​តំបន់ការពារធម្មជាតិ ទៅជា​សហគមន៍​ទេសចរណ៍ ក៏​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៅ​សហគមន៍​មួយចំនួន ដូចជា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំបក់ និង​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញថា ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ គឺជា​យន្តការ​មួយ​ដ៏​សមស្រប​សម្រាប់​ការអភិវឌ្ឍ និង​អភិរក្ស​ក្នុង​តំបន់ការពារធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ និង​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ចូលរួម​យ៉ាងសកម្ម ក្នុងការ​សម្រេចចិត្ត ឬ​អាច​និយាយបានថា ជាការ​ផ្តល់នូវ​សិទ្ធិអំណាច​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន (Local Empowerment) ដោយ​ប្រជាពលរដ្ឋ​អាច​ទទួលផល​ប្រយោជន៍​ដោយផ្ទាល់​ពី​ទេសចរណ៍ ប្រកបដោយ​សមធម៌ បង្កើន​ការ​ការអភិរក្ស​នូវ​ធនធានធម្មជាតិ​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង បង្កើន​នូវ​កម្រិតជីវភាព និង​ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​ប្រកបដោយ​ប្រសិទ្ធភាព​។

​គួរ​កត់សម្គាល់ថា ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កម្ពុជា​គឺជា​ប្រទេស​នាំមុខ​ក្នុងការ​រៀបចំ​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន និង​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន ហើយ​កាលពី​វេទិការ​ទេសចរណ៍​អាស៊ាន​កាលពី​ខែមករា ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម កម្ពុ​ជាមាន​សហគមន៍​ទេសចរណ៍​ចំនួន​៣ និង​ផ្ទះ​ស្នាក់​ចំនួន​៥ ដែល​បានទទួល​រង្វាន់​ពី​អាស៊ាន រួមមាន ​៖

​ទី​១៖ សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង​។​

​ទី​២៖ សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ក្នុង​ខេត្តសៀមរាប​។​

ទី​៣៖ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ចំពោះ​ផ្ទះ​ស្នាក់​ចំនួន​៥ ដែល​បានទទួល​ជ័យលាភី​អាស៊ាន​ឆ្នាំ​២០១៩ ផងដែរ​នោះ រួមមាន​៖

​ទី​១៖ ផ្ទះ​ស្នាក់​ឥ​សាន្ត​បុរី ក្នុង​សហគមន៍​សំបូរ​ព្រៃ​គុក ខេត្តកំពង់ធំ​។

​ទី​២៖ ផ្ទះ​ស្នាក់​ទុន​សារិន ក្នុង​សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង ខេត្តសៀមរាប​។​

ទី​៣៖ ផ្ទះ​ស្នាក់​តាំង​ងិន ក្នុង​សហគមន៍​ទេសចរណ៍​ជី​ផាត ខេត្តកោះកុង​។​

​ទី​៤៖ ផ្ទះ​ស្នាក់​បា​ណា​ណា ក្នុង​សហគមន៍​រ៉ុ​នតា​ឯក ខេត្តសៀមរាប​។​

​ទី​៥៖ ផ្ទះ​ស្នាក់​កឿ​ន​ស្រីមុំ ក្នុង​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​៕​ ដោយ ៖ បញ្ញាស័ក្តិ

×