Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នឹង​ចេញ​ប្រកាស​ក្នុង​ការលុបបំបាត់ ការផ្សព្វផ្សាយ​នូវ​គ្រឿង​ស្រវឹង​ដែល​មាន​ផ្តល់​រង្វាន់ និង​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅតាមឃុំ ស្រុក ខេត្ត​

​ភ្នំពេញ​ ៖ កិច្ចប្រជុំ​ពិភាក្សា រវាង​ក្រុមប្រឹក្សា​ពី​គ្រោះ​និង​ផ្ដល់​យោបល់​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ស្តីអំពី ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ហួសហេតុ​ពេក​បាន​កាលពី​ព្រឹក​ថ្ងៃទី 11 ខែ​មេសា​ឆ្នាំ 2019​។

​លោក​ពេជ្រ ស្រស់ ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បាន​សរសេរ​នៅលើ facebook របស់​លោក​ថា ឆ្លើយតប​ភ្លាមៗ គឺ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​សំណើរ​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា ដើម្បី​ចេញ​ប្រកាស​ក្នុង​ការលុបបំបាត់​ការផ្សព្វផ្សាយ​នូវ​គ្រឿង​ស្រវឹង​ដែល​មាន​ផ្តល់​រង្វាន់ និង​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅតាម ឃុំ ស្រុក ខេត្ត ហើយ​ការ​​ធ្វើ​ប្រកាស​នេះ​នឹង​ចេញ​ឆាប់ៗ ក្រោយ​ពី​ប្រជុំ​អន្តរក្រសួង​​រួចរាល់​នៅ​ថ្ងៃ​ខាង​មុខ​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួលយក​សំណើ​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​
​ដើម្បី​ចេញ​អនុក្រឹត្យ ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍ វិទ្យុ និង​តាម​ទី​សាធារណៈ​នានា ដោយ​ឃោសនា​ផ្តល់​រង្វាន់ និង​ការប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅតាម​មូលដ្ឋាន​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានឲ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សន្យា​រៀបចំ​ប្រជុំ​អន្តរក្រសួង ដើម្បី​ព្រាង​អនុក្រឹត្យ​នេះ​ឲ្យបាន​ចេញឆាប់ៗ​ខាងមុខនេះ​។

​កន្លងមក​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​តាក់​តែ​សេចក្តីព្រៀងច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ដែលមាន​១១​ជំពូក និង​មាន​៣៩​មាត្រា ប៉ុន្តែ​ច្បាប់​នេះ​នៅ​ជាប់គាំង​មិនទាន់​បាន​ចេញ​រួច​នៅឡើយ​ទេ ដូច្នេះ​ខ្ញុំ​នឹង​តាម​រឿង​ធ្វើ​ច្បាប់​នេះ​ឲ្យដល់​ទីបញ្ចប់ ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។​

​លោក​បាន​បញ្ជាក់ទៀតថា ច្បាប់​នេះ​ត្រូវបាន​ក្រសួង​សុខាភិបាល​តាក់តែង​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ ហើយ​នៅពេលនេះ លោក​បាន​សំណូមពរ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ដឹកនាំ​ធ្វើ​បន្ត ដើម្បី​បាន​ចប់សព្វគ្រប់ នាពេលខាងមុខ​។​

​សូម​រំលឹក​ថា កាល​ពី​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់​បាន​ណែនាំ​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត វីដេអូ ឲ្យ​បញ្ឈប់​ការផលិត និង​ចាក់ផ្សាយ​វីដេអូ ឬ​ចម្រៀង​ដែល​យក​គ្រឿង​ស្រវឹង​ធ្វើ​ជា​ការដោះស្រាយ​វិបត្តិ​។ តាម​សេចក្ដីជូនដំណឹង​មួយ​ហាម​អ្នកពាក់ព័ន្ធ​មិន​ឲ្យ​ផលិត និង​ចាក់ផ្សាយ​វីដេអូ​ដែល​បង្ហាញ​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់ទុក្ខ ដោយ​ថា ជា​ការ​ធ្វើឲ្យប៉ះពាល់​ដល់​សីលធម៌ និង​សណ្ដាប់ធ្នាប់​សង្គម​។​

​សេចក្ដីជូនដំណឹង ដែល​ចេញ​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ណែនាំ​ថា ការផលិត​ខ្សែភាពយន្ត ឬ​វីដេអូ​ខារ៉ាអូខេ ដែល​ជ្រើស​យក​គ្រឿង​ស្រវឹង​ជា​គុណសម្បត្តិ​ក្នុង​ការដោះស្រាយ​បញ្ហា​វិបត្តិ​ស្នេហា ឬ​ទុក្ខ​កង្វល់​ផ្សេងៗ បាន​នាំ​ឲ្យ​យុវជន​ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​ក្នុង​ការពិចារណា មាន​ការភាន់ច្រឡំ និង​យកតម្រាប់​តាម​។ ការយល់ច្រឡំ និង​យកតម្រាប់​តាម​របស់​យុវជន បាន​ធ្វើឲ្យ​ពួកគេ​ប្រើប្រាស់​គ្រឿង​ស្រវឹង​រហូត​បាត់បង់​សតិ ឈានទៅរក​ការប្រើប្រាស់​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើហិង្សា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​សណ្ដាប់ធ្នាប់​សង្គម​។ ដើម្បី​ជៀសវាង​ផល​អវិជ្ជមាន​ខាង​លើ ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត វីដេអូ ដែល​តែង​និពន្ធ​បទ​ចម្រៀង ឬ​ភាពយន្ត វីដេអូ សាច់​រឿង​តួអង្គ​មាន​វិបត្តិ​ផ្លូវចិត្ត សូម​បង្ហាញ​នូវ​វិធី​ដោះស្រាយ​សមស្រប ឬ​ការអប់រំ​ផ្លូវចិត្ត ឬ​ការ​តាំងសមាធិ​ធ្វើ​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា ប្រសើរ​ជាង​ការបង្ហាញ​រូបភាព​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​ដោះស្រាយ​បញ្ហា​បំបាត់ទុក្ខ​សោ​ក​របស់​តួអង្គ​។​

​ខាងក្រោម គឺជា​សំណើរ​របស់​ប្រតិភូ​គណបក្ស​យុវជន​៖ ប្រតិភូ​របស់​គណបក្ស​យុវជន​កម្ពុជា​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បន្ទាន់​មួយ ដើម្បី​ចេ​ញ្រឿ ប្រកាស​ក្នុង​ការលុបបំបាត់​ពី​ការផ្សព្វផ្សាយ​គង ស្រវឹង​ហួសហេតុ​ពេក (​ការផ្តល់​រង្វាន់​) និង​ការធ្វើ ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម ឃុំ ស្រុក ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ការពារ​នូវ​អាយុ ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ដូច្នេះ​ឆន្ទៈ​យើងខ្ញុំ្វ ចង់​បាន​ការ​រឹតបន្តឹង​និង​ការលុបបំបាត់​ការផ្សពផ្សាយ គ្រឿង​ស្រវឹង​គ្រប់​រូបភាព​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ក៏​បាន​ចេញ​លទ្ធផល​សង្ខេប អំពី​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ស្តី​​ពី​ការ​រឹត​បន្តឹង​នូវ​ការផ្សព្វផ្សាយ​គ្រឿង ស្រវឹង​មាន​លក្ខណៈ​​យ៉ាង​អនាធិបតេយ្យ​គឺ​សម្រេច​ចេញ​ជា​លទ្ធផល​ដូចតទៅ ​៖

១. ប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្តេជ្ញា​ចំពោះមុខ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្នុង​កិច្ចការ​រឹត​បន្តឹង​នូវការ ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​ឲ្យ​ថយចុះ ដើម្បី​ទប់ស្កាត់​ការគ្រោះថ្នាក់​ចរាចរណ៍​និង​ការ​ប្រព្រឹត្ត​អំ​ពើ​ខុស​ច្បាប់​ផ្សេងៗ​នៅក្នុង​សង្គម​កម្ពុជា​ដែល​កើតចេញ​ពី​ការសេព​គ្រឿង​ស្រវឹង ដោយ​មិន​មាន​ការទទួលខុសត្រូវ​ក្រោយពី​ទទួលទាន​នូវ​គ្រឿង​ស្រវឹង ។​

២. ប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​នឹង​ពន្លឿន​ច្បាប់​គ្រប់គ្រង​នូវ​គុណភាព​អាហារ និង​ច្បាប់​ការពារ​អ្នក​ផឹក​និង​ទប់ស្កាត់​អ្នក​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​ធានា​ឲ្យបាន​ការទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​កំណត់​អត្តសញ្ញាណ​អ្នក​ផឹក ។​

៣. ប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​សំណើរ​របស់​ប្រ​តិ​ភូ​គណបក្ស​យុវជន​កម្ពុជា ដើម្បី ចេញ​នូវ​សេចក្តី​ប្រ​កាស​រួមមួយ​ក្នុង​ការ​លុប​បំបាត់​នូវ​ការផ្សព្វផ្សាយ អំពី​គ្រឿង​ស្រវឹង​ដែល​ដាក់​រង្វាន់​និង​តាម​បណ្តា​ទីប្រជុំជន​ និង​ការប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាមឃុំ​ស្រុក ខេត្តយ៉ាង​អនាធិបតេយ្យ ដើម្បីទប់ស្កាត់​នូវ​អំ​ពើ​អសីលធម៌​ទាំងឡាយ​ក្នុង​សង្គម​ជាតិ ជាពិសេស គឺ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​។​

៤. កិច្ចប្រជុំ​រវាង​ប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​និង​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​បញ្ចប់ទៅ​ដោយ​ក្រោម​ស្មារតី​រួមគ្នា​លុប​ប​បាត់​អំពើ​អសីលធម៌​និង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាមរយៈ​ការលុបបំបាត់​នូវ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​លក្ខណៈ​លើកទឹកចិត្ត​ដល់​អ្នក​ផឹក និង រឹតបន្តឹង​អំពី​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​នៅតាម​ទីប្រជុំជន​ផង​ដែរ ជាពិសេស​គឺ​ការប្រគុំ​តន្ត្រី​តែម្តង​…..​។​

​បញ្ជាក់​៖ ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា នឹង​បន្ត​ធ្វើ​កិច្ចការ​ជា​​មួយ​ភាគី​ដទៃ​ទៀត អំពី​ការផ្សព្វផ្សាយ​នូវ​គ្រឿង​ស្រវឹង​មាន​​លក្ខណៈ​លើក​ទឹកចិត្ត​អ្នក​ផឹក ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​​ចរាច​រណ៍ និង​លុបបំបាត់​អំពើ​អសីលធម៌​នានា​នៅក្នុង​សង្គម​​ជាតិ​ខ្មែរ​យើង​ជាពិសេស​គឺ​ទប់ស្កាត់​យុវជន​ប្រព្រឹត្ត​នូវ​អំពើ​​អបាយមុខ​ជាហេតុ​នាំ​ឲ្យ​យុវជន​ខូច​អនាគត​៕​ ដោយ​៖​កូឡាប​

×