ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងអាវុធប្រភេទថ្មី ហើយអាវុធនោះអាចបំពាក់នៅលើក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារពត៌មាននៃប្រទេសនេះ (KCNA)។
នេះអាចជាលើកដំបូងហើយ ដែលកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធខ្លួនជាសាធារណៈ ចាប់តាំងពី គីម ជុងអ៊ុន និងដូណាល់ ត្រាំ បានធ្វើកិច្ចប្រជុំកំពូល ដែលបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់។
កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា លោកត្រាំ ត្រូវតែមានឥរិយាបទត្រូវត្រូវ ដើម្បីធ្វើឲ្យកិច្ចចរចារអាចបន្តបានទៀត។
បើតាម KCNA ការបាញ់សាកល្បងអាវុធប្រភេទថ្មីនោះ ត្រូវបានមើល និងគ្រប់គ្រងដោយ គីម ជុងអ៊ុនផ្ទាល់។
អាវុធនោះអាចបោះហើរ តាមរយៈការបញ្ជាបាន ហើយវាត្រូវបានធ្វើការបាញ់សាកល្បងអោយហោះទៅកាន់គោលដៅផ្សេងៗគ្នា។
មេដឹកនាំ គីម ជុងអ៊ុន បានថ្លែងថា ការអភិវឌ្ឍន៍អាវុធរបស់ខ្លួនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើតកម្លាំងប្រយុទ្ធរបស់ទ័ពខ្លួន។
ទោះយ៉ាងណា មិនមានការរាយការណ៍លំអិតពីអាវុធប្រភេទថ្មីរបស់កូរ៉េខាងជើងនោះឡើយ ថាតើវាជាប្រភេទមីស៊ីលឬយ៉ាងណា។ប៉ុន្តែអាវុធនោះអាចជាអាវុធរយៈចំងាយខ្លី ជាជាងអាវុធរយៈចំងាយវែង ដែលត្រូវគេមើលឃើញថាជាការគំរាមកំហែងដល់អាមេរិច៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC