មនុស្សចំនួន ១៥០នាក់ បានបាត់ខ្លួន នៅពេលទូកដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅទន្លេ ស្ថិតក្នុងខេត្ត Kivu នៃប្រទេសកុងហ្គោ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី Felix Tshisekedi ។
គ្រោះអកុសលនោះកើតឡើងតាំងពីថ្ងៃច័ន្ទម្លេះ ប៉ុន្តែពត៌មានលំអិតនៃហេតុការណ៍នោះ ទើបតែលេចចេញនៅថ្ងៃពុធម្សិលមិញនេះ។
លោកប្រធានាធិបតី បានថ្លែងថាគាត់មានក្តីរន្ធត់យ៉ាងខ្លាំងចំពោះពត៌មាននៃហេតុការណ៍នោះ និងបានចូលរួមរំលែកទុកទៅដល់ក្រុមគ្រួសារជនរងគ្រោះ។
មន្ត្រីមកពីខេត្ត Kivu បានថ្លែងប្រាប់ CNN កាលពីថ្ងៃពុធម្សិលមិញថា មនុស្សចំនួន ៣៧នាក់ត្រូវបានជួយសង្គ្រោះ ហើយសាកសពចំនួន ៣នាក់ត្រូវបានគេរកឃើញនៅកន្លែងទូកលិច។
មន្ត្រីឈ្មោះ Muhini បញ្ជាក់ថា ទូកដែលដឹកលើសចំណុះបានចាកចេញពីកំពង់ផែ Kituku ហើយបានលិចក្នុងទន្លេនៃខេត្ត Kivu។
បើតាមការស៊ើបអង្កេតបណ្តោះអាសន្នបានបង្ហាញថា អ្នកដំណើរមិនបានពាក់អាងពងនោះទេ ហើយបញ្ជីអ្នកដំណើរមិនបានរាប់ចំនួនអ្នកដំណើរសរុបដែលជិះនៅលើទូកនោះទេ។
មន្ត្រីដដែលបញ្ជាក់ថា “វាគឺជារឿងអកុសលណាស់ដែលមនុស្សជាច្រើនបានធ្វើដំណើរនៅលើទូកដ៏តូចមួយ ដោយមានដឹកទំនិញយ៉ាងធ្ងន់។ អ្នកទាំងនោះមិនមានពាក់អាវហែលទឹកនោះ”។
សូមបញ្ជាក់ថា គ្រោះថ្នាក់តាមផ្លូវទឹកតែងកើតមានជាញឹកញាប់នៅក្នុងប្រទេសកុងហ្គោ ដោយសារតែផ្លូវទឹកគឺជាបធ្យោបាយដឹកជញ្ជូនយ៉ាងសំខាន់សម្រាប់ប្រជាជន។
សូមរម្លឹកថា កាលពីឆ្នាំ ២០១១ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសនេះត្រូវបានគេបណ្តេញចេញពីតំណែង ក្រោយមានគ្រោះអកុសលជាច្រើនបានកើតឡើង ពេលធ្វើដំណើរតាមផ្លូវទឹក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN