(ព្រះសីហនុ)៖ មន្ត្រីនគរបាលចំនួន៤នាក់ និងប្រជាការពារ២នាក់ បានរងរបួសបែកក្បាល និងរថយន្តចំនួន៣គ្រឿង បានរងការខូចខាត ដោយសារប្រជាពលរដ្ឋដែល អាជ្ញាធរចាត់ទុកថា ជាក្រុមអនាធិបតេយ្យបានគប់ និងប្រើអំពើហិង្សា ហើយក្រុមអនាធិបតេយ្យចំនួន៨នាក់ត្រូវចាប់ខ្លួន ពេលនាំគ្នាបិទផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងនគរបាល និងប្រជាការពារសរុបចំនួន៦នាក់ បានរងរបួសបែកក្បាល ហើយរថយន្តរបស់អធិការនគរបាលស្រុកមួយគ្រឿង និងរថយន្តមន្ត្រីនគរបាលមួយគ្រឿង ព្រមទាំងរថយន្តរបស់មន្ត្រីអាវុធហត្ថ១គ្រឿង បែកកញ្ចក់ ដោយសារតែប្រជាពលរដ្ឋទាំងនោះ បានគប់នឹងដុំថ្ម ខណៈកម្លាំងរបស់យើង បានចូលទៅអន្តរាគមន៍ និងសម្របសម្រួលឲ្យបើកផ្លូវឡើងវិញ ក្រោយពីពួកគេបាននាំគ្នាបិទដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់លើផ្លូវ នាំឲ្យកកស្ទះចរាចរណ៍ ប្រមាណ១ម៉ោង។
មន្ត្រីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន ថា អ្វីក៏ដោយរាប់ទាំងបញ្ហាដីធ្លី អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធតែងតែមានយន្តការដោះស្រាយ តាមប្រព័ន្ធតុលាការ និងតាមគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ហើយត្រូវបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវ ឬប្រើហិង្សាទៅលើសមត្ថកិច្ច ដែលទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះសូមទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវងាកមករកការតវ៉ាតាមផ្លូវច្បាប់ទើបជាការប្រសើរ៕ ដោយ៖ស្រីនាថ