អ្នកបោះឆ្នោតឥណ្ឌាម្នាក់បាននិយាយថា គាត់បានកាត់ម្រាមដៃចង្អុលចោល ក្រោយពេលបានដឹងថា គាត់បានបោះឆ្នោតច្រឡំគណបក្សនយោបាយ។
លោក Pawan Kumar បាននិយាយថា គាត់បានច្រឡំបោះឆ្នោតអោយគណបក្ស Bharatiya Janata Party ដែលកំពុងដឹកនាំសព្វថ្ងៃ។ គាត់ចង់បោះឆ្នោតអោយគណបក្សផ្សេង ប៉ុន្តែបែរជាច្រឡំបោះឆ្នោតអោយបក្សនោះដោយសារតែនិម្មិតសញ្ញានៅក្នុងម៉ាស៊ីនបោះឆ្នោត។
ក្រោយពេលគូសសន្លឹកឆ្នោតរួច ម្រាមដៃចង្អុលរបស់អ្នកបោះឆ្នោតទាំងអស់នឹងត្រូវគេឲ្យជ្រលក់ទឹកថ្នាំ បោះឆ្នោត។
បុរសចិត្តសឿងខាងលើ បានធ្វើការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នៅក្នុងទីក្រុង Bulandshahr នៃរដ្ឋ Uttar Pradesh។ នោះគឺជាការបោះឆ្នោតក្នុងដំណាក់កាលទី ២ នៃការបោះឆ្នោតតំណាងរាស្ត្រនៅក្នុងប្រទេសឥណ្ឌា។
លោកថ្លែងនៅក្នុងវីដេអូដូច្នេះថា “ខ្ញុំចង់បោះឆ្នោតអោយដំរី ប៉ុន្តែខ្ញុំបែរជាច្រឡំបោះអោយផ្កាទៅវិញ”។ ដោយគាត់ចង់សំដៅពីនិម្មិតសញ្ញារបស់បក្សនយោបាយនីមួយនៅក្នុងម៉ាស៊ីនបោះឆ្នោត។
សូមបញ្ជាក់ថា និម្មិតសញ្ញារបស់គណបក្ស Bharatiya Janata Party របស់លោកនាយករដ្ឋមន្ត្រី Narendra Modi មានរូបផ្កាឈូក ចំណែកនិម្មិតសញ្ញារូបដំរី ជារបស់គណបក្ស Bahujan Samaj Party ដែលលោកចង់បោះអោយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្ត្រ
ប្រភព៖ BBC