Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ជាង​៥​ម៉ឺន​នាក់ ធ្វើ​ការងារ​ស្របច្បាប់​នៅ​ប្រទេស​កូរ៉េ ផ្ញើ​លុយ​មក​ស្រុកកំណើត ប្រមាណ​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ភ្នំពេញ ៖ បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ​នេះ​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​ស្របច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ញើ​ប្រាក់​របស់​ខ្លួន​ស្ទើរ​គ្រប់គ្នា មក​ស្រុក​កំណើត ហើយ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផ្ញើមក​ស្រុកកំណើត​នេះ មាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

​លោក​ឡុង ឌី​ម៉ង់​បានឲ្យដឹងថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​ស្របច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ និង​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​មិន​ស្របច្បាប់​មាន​ប្រមាណ​៥​ភាគរយ ហើយ​ចំនួន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​នេះ​បាន​នឹង​កំពុង​ថយចុះ​ជា​បន្តបន្ទាប់​ផងដែរ ។​លោក​បន្តថា ទាំង​ពលករ​ខ្មែរ​ស្របច្បាប់​និង​មិន​ស្របច្បាប់ ពួកគាត់​បាន​ប្រាក់ខែ​យ៉ាងតិច​១២០០​ដុល្លារ ក្នុង​១​ខែ ហើយ​ពួកគាត់​តែងតែ​ផ្ញើ​ប្រាក់​ទាំងនេះ​មក​ស្រុកកំណើត​វិញ ក្នុង​ម្នាក់ៗ​មិនតិច​ជាង​៨០០​ទៅ​១០០០​ដុល្លារ​ឡើយ ហើយ​បើ​គិត​ពី​ទូរលេខ​នេះ ចំនួន​ទឹកប្រាក់​ដែល​ពលករ​ខ្មែរ​ត្រូវ​ផ្ញើមក​ស្រុកកំណើត មាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

​គួរកត់សំគាល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទាំង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ពលករ​ខ្មែរ​ដែល​បំរើ​ការងារ​ទីនោះ​ហាក់​មាន​ការ​រាក់ទាក់​ស្និត​ស្នាល​ជាមួយ​គ្នា​យ៉ាងខ្លាំង តាមរយៈ​ការយកចិត្តទុកដាក់​ពី​លោក​ឡុង ឌី​ម៉ង់ ជា​អគ្គរាជទូត ដូចជា ការដោះស្រាយ​បញ្ហា​ផ្សេង​ជូន​ពលករ​ពេល​ដែល​ពួកគាត់​ជួប​បញ្ហា ការបង្កើតអោយមាន ការពិនិត្យ​សុខភាព​ពលករ ការ​ចុះសួរសុខទុក្ខ ការជួបជុំ​គ្នា​ហូប​បាយ​សាមគ្គី រួម​ទាំង​ការ​ប្រារព្ធ​ពិធី​ជា​ប្រពៃណី​ជាតិ​ជាដើម ៕ ដោយ ៖ កូឡាប​

 

×