អ្នកស្លាប់បានកើនឡើងដល់ជាង ២០០នាក់ នៅក្នុងការវាយប្រហារជាច្រើនកន្លែងនៅតាមព្រះវិហារ និងសណ្ឋាគារ ក្នុងប្រទេសស្រីលង្កា ដែលវាគឺជាការវាយប្រហារដ៏អាក្រក់បំផុត។
កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ រដ្ឋាភិបាលភិបាលបានប្រាប់អោយប្រជាជនទូទាំងប្រទេសត្រឡប់ចូល និងកុំចេញពីផ្ទះ ក្រោយការវាយប្រហារបណ្តាលឲ្យមនុស្ស ២០៧នាក់ស្លាប់ ដោយក្នុងនោះមានជនបរទេសចំនួន ៣៥នាក់។
មនុស្សចំនួនជាង ៤៥០នាក់ផងដែររងរបួស និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប៉ូលីសឈ្មោះ Ruwan Gunasekera ថ្លែងប្រាប់អ្នកសារពត៌មានក្នុងរដ្ឋធានី Colombo ប្រទេសស្រីលង្កា។
ការវាយប្រហារភាគច្រើនមានគោលដៅលើសណ្ឋាគារប្រណិត នៅក្នុងរដ្ឋធានី និងព្រះវិហារនៅពេលអ្នក គោរពប្រតិបត្តិចូលរួមបុណ្យ Easter។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងពីការវាយប្រហាររបស់ពួកគេឡើយ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់ថា មនុស្សចំនួន ៨នាក់ត្រូវបានចាប់ខ្លួន។
លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បានថ្លែងថា “រហូតមកដល់ពេលនេះ ជនដែលត្រូវបានចាប់ខ្លួនទាំងអស់ ជាប្រជាជនក្នុងប្រទេស ប៉ុន្តែក្រុមស៊ើបអង្កេតនឹងធ្វើការស្វែងរក ថាតើជនវាយប្រហារមានបណ្តាញនៅក្រៅប្រទេសឬយ៉ាងណា”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្ត្រ
ប្រភព៖ channelnewsasia