(រាជធានីភ្នំពេញ)៖ នៅថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៣ ទីតាំង ស្ថិតនៅក្នុងខណ្ឌមានជ័យ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៣ ផងដែរ ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និង ០១ ទីតាំងទៀតមិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព។ ដោយឡែកតម្លៃលក់រាយ ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៣ បានអនុវត្តន៍ត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ដោយសារនេះជាការរកឃើញលើកទី ១ មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្ត្រីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ៖កូឡាប