ត្បូងឃ្មុំ៖ អធិការនគរបាលស្រុកមេមត់ ប្រាប់ទៅមន្ត្រីក្រោមឱវាទថា ៖ “ត្រូវយកចិត្តទុកដាក់ ចុះស្រង់ព័ត៌មានឲ្យបាន ច្បាស់លាស់ពីប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ ជាមួយនគរបាលយើង”។
នៅព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ មានកិច្ចប្រជុំបូកសរុបការងារអនុវត្តជំនាញប្រចាំខែ មេសា រវាងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ និងផែនការងារជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងលើកទិសដៅអនុវត្តបន្តប្រចាំខែ ឧសភា ក្រោមការដឹកនាំលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុក ។
ជាកិច្ចចាប់ផ្តើមលោកអធិការនគរបាលស្រុក បានលើកឡើងថា ៖ ក្នុងនាមយើងជានគរបាលជាតិ ត្រូវយកចិត្តទុកដាក់ចុះស្រង់ព័ត៌មានឲ្យបានច្បាស់លាស់ពី ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅជាមួយយើង ក្នុងការផ្តល់ព័ត៌មានឲ្យមកវិញ សម្រាប់ជាការងាយស្រួលរកដំណោះស្រាយ ជូនពលរដ្ឋដែលមានបញ្ហាចោទជាទុក្ខកង្វល់ ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ៖ បើយើងជានគរបាលជាតិដេកចាំទទួលព័ត៌មានតែនៅនឹងកន្លែង (នៅប៉ុស្តិ៍រដ្ឋបាល) ហើយពេលទទួលបានព័ត៌មាននោះ ហើយមិនចុះត្រួតពិនិត្យមើលដល់ទីកន្លែងដែល មានហេតុការណ៍ គឺធ្វើឲ្យជនខិលខូចមួយចំនួនតូចអាច នឹងបំប៉ោងស្ថានការព័ត៌មាននៅកន្លែងកើតហេតុ និងនិយាយត្មិះដៀល មកលើសមត្ថកិច្ចនគរបាលយើងមិនយកចិត្តទុកដាក់ ក្នុងការងារដែលពេលមានពលរដ្ឋកើតទុក្ខកង្វល់ ។
អ្វីដែលពិសេសនោះ លោកអធិការបានក្រើនរំលឹកដល់ស្មារតីអង្គប្រជុំឲ្យ បានជ្រាបថា ៖ យើងត្រូវដើរឲ្យបានមុនសភាពការណ៍បទល្មើស ដោយចុះពន្យល់ណែនាំ និងបំផុសដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឲ្យពួកគាត់ចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងសហការផ្តល់នូវព័ត៌មានរាល់សភាពការណ៍បទល្មើស ដែលកើតមានឡើង ៕ ដោយ៖បញ្ញាស័ក្តិ