កំពងធំ ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងថា ផ្ទះនិងបន្ទប់ជួលដែលមានទំហំ ទទឹង៦ម៉ែត្រនិងជម្រៅ៨៤ម៉ែត្រ ស្មេីនឹង២១បន្ទប់ ដែលធ្វេីអំពីឈើប្រក់ស័ង្កសី ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងដំបូងគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី តែក្រោយការស្រាវជ្រាវសង្ស័យ បណ្តាលពីម្ចាស់បន្ទប់ជួលលក់នំកង មិនបានពន្លត់ភ្លើងចង្ក្រានក្រោយចម្អិននំរួចបិទទ្វារទៅផ្សារលក់នំកង។
ហេតុការណ៍អគ្គីភ័យនេះកេីតឡេីង ម៉ោងប្រមាណ ៣និង១៥នាទីរសៀល ថ្ងៃ ២៣ មេសា ២០១៩ ស្ថិតក្នុង ភូមិ ខោស ឃ៉ំទំរីង ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។
តាមប្រភពពីសម្ថកិច្ចមូលដ្ឋានលោកឈុំ ឈាងនាយប៉ុស្តិ៍នគរបាលឃុំទំរីង បានឲ្យដឹងថា ម្ចាស់បន្ទប់ជួលលក់នំកងបានគេច ខ្លួនបាត់មានឈ្មោះចាបហឿភេទស្រីអាយុ ៥៥ឆ្នាំទីលំនៅកំណើតនៅឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបាននិយាយថា ការស្រាវជ្រាវសង្ស័យលើម្ចាស់បន្ទប់ជួលលក់នំកង ពីព្រោះប្រភពគេឃើញអគ្គីភ័យផ្តើមមានផ្សែង ហុយនិងមានអណ្តាតភ្លើងឆេះ ចេញពីបន្ទប់ជួលនោះពីដំបូងឡើង។
ចំណែកគ្រួសារម្ចាស់ផ្ទះនិងបន្ទប់ជួល ឈ្មោះ ហ៊ុន ណាត និង ប្រពន្ធឈ្មោះ ឈន គង់ រស់នៅភូមិឃ៉ំខាងលេី ហើយ សម្ភារៈខូចខាតរួមមាន៖ ១ផ្ទះទំហំ៦គុណនិង៨៤ម៉ែត្រ២១បន្ទប់ លុយដុល្លារ 300$ លុយខ្មែរ ៨២៥០០០០ រៀល(ប្រាំបីលានម្ភៃប្រាំម៉ឺន) ផ្លាកទីន ១ តម្លឹង(រកឃើញវិញក្នុងភ្នក់ភ្លើង) គ្រាប់ចន្ទី ១០០ គីឡូក្រាម និងសម្ភារៈប្រេីប្រាស់ក្នុងផ្ទះជាច្រេីនទៀត ។ ក្នុងនោះជនរងគ្រោះ មានចំនួន១១ គ្រួសារ ស្នាក់នៅបន្ទប់ជួលជាកម្មករជៀរកៅស៊ូ មិនទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ដោយមានការអន្តរាគមន៍ពន្លត់អគ្គីភ័យពីសំណាក់កម្លាំងសមត្ថកិច្ចនិង ប្រជាពលរដ្ឋច្រើនកុះករអស់រយៈពេល ៤៥នាទី រហូតដល់ម៉ោង៤រសៀល ដោយប្រេីប្រាស់រថយន្តសង្គ្រោះចំនួន២គ្រឿង ទើបអគ្គីភ័យរលត់ស្ងប់មិនបណ្តាលឲ្យរាលដាលឆេះទៅផ្ទះជិតខាង។
សូមបញ្ជាក់ផងដែរថា ៖ រថយន្តអធិការដ្ឋានស្រុកសណ្តាន់ ប្រេីប្រាស់អស់ទឹក ២ រថយន្តនិង រថយន្តក្រុមហ៊ុនមួយទៀតប្រេីប្រាស់ទឹក១រថយន្ត ទេីបភ្លេីងរលត់អស់ទាំងស្រុង៕ ដោយ៖កូឡាប