កំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជេីងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម ដោយសារប្រេីអំពើហិង្សាលើពលរដ្ឋ “វាយសន្លប់រួចចាក់ទឹកដូចសត្វធាតុ”។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចេញលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ បានសម្រេចឲ្យលោកវរសេនីយ៍ត្រីពេជ្រ គឹមស៊ា ឋានៈអធិការងទទួលដឹកនាំការងារនគរបាលយុត្តិធម៌ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ឱ្យទទួលភារកិច្ចជាអធិការស្តីទីនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ជំនួសលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន ដែលកំពុងជាប់ពិន័យនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ការសម្រេចនេះ បន្ទាប់ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានបង្គាប់មកលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យ “ចាត់ការសើបអង្កេតបទល្មើសដែលពាក់ព័ន្ធនឹងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម យោងតាមការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក” ។
គណនីហ្វេសប៊ុកមួយឈ្មោះថា “Bun Thern” សរសេរថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង អោយពួកខ្ញុំរស់នៅយ៉ាងណាបើគ្រាន់តែបងប្រុសរបស់ខ្ញំប្រកែកពាក្យសំដីជាមួយគ្នាបន្តិចគាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផងស្រាប់តែអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងខ្ញុំវៃហើយបញ្ជូនមកស្រុកវៃចាក់ទឹកសន្លប់២ដងហើមគ្រប់កន្លែងអាឡូវដេកពេទ្យហើយនៅ 7D ។ ហេតុអ្វីលោកអធិកាស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ” ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរខេត្តកំពង់ចាមបានឲ្យដឹងថាកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិខែលជ័យ ឃុំខែលជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ សៀងហាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពីបទៈ គំរាមកំហែង និងបង្កការអុកឡុក នៅកន្លែងរាំធុងបាស់ ទៅលើឈ្មោះ សេង ណាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពួនប្រម៉ាត់ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ជាអ្នកចាក់ធុងបាស់) ។
លោកស្នងការបន្តថាការចាប់ខ្លួនជនសង្ស័យខាងលើដោយអនុវត្តតាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោយឈ្មោះ ហាក់ សៀងហាន ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានវាយប្រតាយប្រតប់ជាមួយកម្លាំងសមត្ថកិច្ច និងប្រជាការពារ ដែលមានភារកិច្ចការពារនៅទីនោះ ក្នុងពេលកិច្ចប្រតិបត្តិការចាប់ខ្លួន បន្ទាប់មកយើងក៏បាននាំជនសង្ស័យខាងលើមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងបានត្រួតពិនិត្យជាតិអាកុលលើជនសង្ស័យជាលទ្ធផលក្នុងការពិនិត្យជាតិអាកុលឃើញថា ជនសង្ស័យមានជាតិអាកុលរហូតដល់ ១.៣៣ក្នុង១លីត្រខ្យល់ ។
តាមពាក្យបណ្តឹងរបស់ឈ្មោះ សេង ណាត បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ពេលខ្លួនកំពុងតែចាក់ធុងបាស់ឲ្យឈ្មោះវ័ន្ត ឈុនលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយ នៅចំណុចក្នុងបរិវេណវត្តខែលជ័យ ស្ថិតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រហូតដល់វេលាម៉ោង២៣និង០០នាទី ស្រាប់តែមានឈ្មោះ ហាក់ សៀនហាន បានមកប្រាប់ខ្លួនឲ្យចាក់បទរាំក្បាច់ លឺដូច្នេះ ខ្លួនក៏ចាក់បទរាំក្បាច់តាម ពេលកំពង់តែចាក់បទរាំក្បាច់ គឺបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាឈប់រាំហើយទៅផ្ទះរៀងៗខ្លួន លុះឃើញបងប្អូនប្រជាពលរដ្ឋឈប់រាំ ហើយនាំគ្នាដើរទៅផ្ទះដូច្នេះ ខ្លួនក៏បិទធុងបាស់ ភ្លាមនោះឈ្មោះ ហាក់ សៀងហាន បានមករករឿងខ្លួន ហើយស្រែកថាហេតុអ្វីបានបិតធុងបាស់ ជួលមកអស់ទាំងលុយ លឺឈ្មោះ ហាក់ សៀងហាន និយាយដូច្នេះ ខ្លួនក៏និយាយតមវិញថា ឲ្យតែអស់មនុស្សរាំគឺត្រូវបិទបាស់អញ្ចឹងហើយ។ ឈ្មោះ ហាក់ សៀងហាន ក៏ឈប់មាត់ ចំណែកខ្លួនក៏រៀបចំធុងបាស់ដឹកមកផ្ទះឈ្មោះ វ័ន្ត ឈុនលី វិញ ស្រាប់តែឈ្មោះ ហាក់ សៀងហាន ស្ទុះមកវាយខ្លួនពីក្រោយដោយមិនដឹងខ្លួន តែត្រូវកម្លាំងប្រជាការពារ ដែលមានភារកិច្ច ការពារនៅទីនោះចាប់ឃាត់ខ្លួនឈ្មោះ ហាក់ សៀងហាន បន្ទាប់មកខ្លួនក៏បានប្តឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
តាមការបំភ្លឺរបស់ឈ្មោះ វ័ន្ត ឈុនលី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ខ្លួននិងប្អូនជីដូនមួយឈ្មោះ សេង ណាត បានមកចាក់ធុងបាស់នៅចំណុចក្នុងបរិវេណវត្តខែលជ័យ ស្ថិតនៅភូមិខែជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទី ស្រាប់តែមានឈ្មោះ ហាក់ សៀងហាន បានមកប្រាប់ប្អូនប្រុសខ្លួនឲ្យចាក់បទរាំក្បាច់ ភ្លាមនោះប្អូនរបស់ខ្លួនក៏ចាក់បទរាំក្បាច់តាមសំណូមពររបស់ឈ្មោះ ហាក់ សៀងហាន ពេលកំពង់តែចាក់រាំក្បាច់នោះ ស្រាប់តែបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាឈប់រាំ ដោយអ្នករាំទាំងអស់ស្រែកឲ្យដូរចាក់បទញាក់វិញ លុះប្អូនរបស់ខ្លួនចាក់បទរាំច្បាច់នោះចប់ ក៏ប្តូរចាក់បតញាក់វិញតាមសំណូមពរបងប្អូនប្រជាពលរដ្ឋវិញ ពេលនោះឈ្មោះ ហាក់ សៀងហាន ក៏ស្តីបន្ទោសឲ្យប្អូនរបស់ខ្លួនថា ឯងឈ្លើយម្លេះ! តែប្អូនរបស់ខ្លួនមិនបាននិយាយតបវិញទេ លុះពេលចាក់បទញាក់បានមួយសន្ទុះ បងប្អូនប្រជាពលរដ្ឋឈប់រាំហើយនាំគ្នាត្រឡប់ទៅផ្ទះវិញអស់ ចំណែកឈ្មោះ ហាក់ សៀងហាន ក៏បានស្រកបបួលប្អូនប្រុសជីដូនមួយរបស់ខ្លួនវាយគ្នា តែប្អូនរបស់ខ្លួនមិនបានតបទេ បន្ទាប់មកឈ្មោះ ហាក់ សៀងហាន នៅតែនិយាយពាក្យដដែលៗ ស្រែកគំរាមកំហែង ហើយបម្រុងវាយមកលើប្អូនរបស់ខ្លួន តែត្រូវកម្លាំងប្រជាការពារចាប់ឃាត់ទាន់៕ ដោយ៖កូឡាប