ភ្នំពេញ ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅអាជ្ញាធរមីន មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរមីន និង JNR International Company ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន។ អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hyo Eung Nam តំណាងក្រុមហ៊ុន JNR របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ជួយដល់ការបោសសម្អាតមីន និងការអភិវឌ្ឍន៍នៅសហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយសារមីន។
លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន អនុស្សរណៈនៃការយោគយល់គ្នានេះពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ដីក្រោយពេលបោសសម្អាតមីនរួច ឲ្យមាន ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចគ្រួសាររីកចម្រើនប្រកបដោយចិរភាព។
ក្រុមហ៊ុន JNR នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋានដើម្បីសាងសង់ភូមិសន្តិភាព រួមទាំងការអភិវឌ្ឍដីធ្លីសម្រាប់បង្កបង្កើនផលដំណាំកសិកម្ម និងការចិញ្ចឹមសត្វ៕ ដោយ៖កូឡាប