សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូន លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិនថា ថ្វីត្បិតថ្មីៗនេះ ខាង EU បានលើកយក EBA មកដាក់សម្ពាធលើកម្ពុជា គឺកម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិទៅដោះដូរបានឡើយ។ កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចជាតិ ហើយដកដង្ហើមរស់ដោយខ្លួនឯង។
នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន។
លោក ឈិន យន់ បានគោរពជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចលើកទី២ របស់លោកមកកម្ពុជា ដើម្បីស្វែងរកឱកាសជួយដល់អ្នកវិនិយោគគិនចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងដើម្បីជួយជំរុញការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរអោយបានឆាប់រហ័សបំផុត។ ទន្ទឹមនឹងនេះ ដែរ លោកបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនលឿនរបស់កម្ពុជា ទាំងនៅតាមបណ្តាខេត្ត ជាពិសសេសនៅរាជធានីភ្នំពេញដែលមានការរីកចម្រើនយ៉ាងខ្លាំង។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឈិន យន់ និងប្រតិភូនឹងបន្តធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុផងដែរ។ លោក ឈិន យន់ បានគោរពជម្រាបជូន សម្តេចតេជោថា កន្លងមកមានធនាគារចិនចំនួនពីរដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាមួយនឹងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសជាតិទៀតផង។ លោកបន្តថាសេដ្ឋកិច្ច និងនយោបាយ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយលោកបានមើលឃើញថាកម្ពុជាបានដើរតួនាទីសំខាន់នៅក្នុងការថែរក្សាស្ថិរភាព សន្តិភាពនៅក្នុងតំបន់ និងជាមិត្តជិតស្និតរបស់បណ្តាប្រទេសអាស៊ាន និងចិនផងដែរ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងតំបន់។
លោកប្រធានសមាគមបានសង្កត់ធ្ងន់ទៀតថា អ្វីដែលចិនអាចបន្តជួយកម្ពុជានៅពេលខាងមុខនេះគឺការជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជាដើរតួនាទីសំខាន់ក្នុងតំបន់ឥណ្ឌូចិន និងអាស៊ាន។ លោកបានស្នើ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍរបៀងសេដ្ឋកិច្ចនៅផ្លូវជាតិលេខ៩ ពិសេសរវាងកម្ពុជា និងប្រទេសឡាវនៅពេលខាងមុខ។ អ្វីដែលលោកចង់ឃើញ គឺការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ជាពិសេសលោកបានបញ្ជាក់ពីរបៀងប៉ូលសេដ្ឋកិច្ចរវាងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ដែលនឹងអាចធ្វើជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។ ជាមួយគ្នានោះដែរ លោក ឈិន យន់ បានគោរពស្នើ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលអោយមានចរាចរណ៍ប្រើប្រាស់រូបិយបណ្ណ័ចិននៅក្នុងទីផ្សាររបស់កម្ពុជាផងដែរ ដែលនឹងកាន់តែទាក់ទាញវិនិយោគគិនជាច្រើនទៀតមកកម្ពុជា និងពីប្រទេសដទៃៗទៀត។ លោក យន់ បានបញ្ជាក់ថា លោកនឹងជំរុញអោយក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំខ្លាំងក្លា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូន លោក ឈិន យន់ ថា ថ្វីត្បិតថ្មីៗនេះ ខាង EU បានលើកយក EBA មកដាក់សម្ពាធលើកម្ពុជា គឺកម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិទៅដោះដូរបានឡើយ។ កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចជាតិ ហើយដកដង្ហើមរស់ដោយខ្លួនឯង។ សម្តេចតេជោ បានបន្តគាំទ្រ នឹងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគតូចធំរបស់ប្រទេសចិនបន្តវិនិយោគនៅកម្ពុជា ហើយទន្ទឹមនឹងនោះសម្តេចតេជោ បានស្នើដល់ លោក យន់ ជួយកៀងគរអ្នកវិនិយោគចិនថ្មីៗអោយមកវិនិយោគនៅកម្ពុជាប្រកបដោយទំនុកចិត្តខ្ពស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ លោក ឈិន យន់ អំពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនកន្លងទៅថ្មីៗនេះ ដែលបានជួយកាត់បន្ថយការចំណាយយ៉ាងច្រើនដល់អ្នកវិនិយោគគិន ដើម្បីក្រុមហ៊ុនមានលទ្ថភាពបង់ពន្ឋនាំចេញចូលងាយស្រួល ចំណាយតិចក្នុងការផលិត និងដឹកជញ្ជូន នឹងបានទទួលមកវិញនូវប្រាក់ចំណេញកាន់តែច្រើន។ សម្តេចតេជោ បានបញ្ជាក់ជូនលោក យន់ ក៏ដូចជាពាណិជ្ជករ និងអ្នកវិនិយោគគិនទាំងអស់ថា EBA គឺនឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តន៍ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្ពស់។ EBA គឺគេផ្តល់ជូនចំពោះប្រទេសដែលស្ថិតក្នុងស្ថានភាពក្រីក្របំផុត។ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភឡើយ ព្រោះទស្សនៈវិស័យកម្ពុជាគឺឈានឆ្ពោះទៅរកវឌ្ឍនៈភាពរីកចម្រើន ហើយចូលរួមបង់ពន្ឋដារទៅប្រទេសដទៃដូចគេដូចឯង។
លោកប្រធានសមាគម បានគាំទ្រទាំងស្រុងចំពោះ សម្តចតេជោ ដែលមានទស្សនៈវិស័យដឹកនាំលើផ្លូវវិជ្ជមានក្នុងការធ្វើអោយប្រទេសជាតិកាន់តែឆាប់រីកចម្រើនទៅមុខ។ លោកបានសន្យាបន្តកៀងគរគរប្រមូលអ្នកវិនិយោគគិនពីប្រទេសចិនមកកម្ពុអោយបានកាន់តែច្រើនទៀត។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យពង្រីកការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិនបន្ថែមទៀត ហើយក្នុងនោះក៏មានផលិតផលសម្លៀកបំពាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោក យន់ អំពីគម្រោងអញ្ជើញទៅចូលរួមវេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ ដែលនឹងអញ្ជើញចេញដំណើរនៅថ្ងៃស្អែកចាប់ពីថ្ងៃទី២៥ ដល់ ២៩ មេសា ២០១៩។ សម្តេចតេជោ គ្រោងនឹងជួបពិភាក្សាបន្ថែមអំពីគម្រោងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជចិនកម្ពុជាដែលពាក់ព័ន្ឋនឹងផ្លូវ១ខ្សែក្រវ៉ាត់១ ស្របជាមួយនឹងយុទ្ឋសាស្ត្រចតុកោណរបស់កម្ពុជាផងដែរនៅក្នុងកំឡុងពេលដែលសម្តេចអញ្ជើញជួបលោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោក លី គឺជៀង នាយករដ្ឋមន្ត្រីចិន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងស្នើសុំការគាំទ្រ និងកិច្ចសហការជាមួយមិត្តចិន ដើម្បីជំរុញតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មពិសេសនៅខេត្តព្រះសីហនុ ដែលជាខេត្តកំពុងមានសក្តានុពលនោះអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕ ដោយ៖កូឡាប