ខេត្តស្វាយរៀង ៖ លោកស្រី ហៅច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីប្រគល់ និងទទួលថវិកាសប្បុរសជន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង ៨ ក្នុងខេត្តស្វាយរៀង។
សូមរំលឹកផងដែរថា ៖ ក្នុងឱកាសចូលឆ្នាំថ្នី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ខេត្ត បានរៀបចំសង្ក្រានស្វាយរៀង អបអរឆ្នាំថ្មីនេះលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ក្រុមគ្រួសារ និងសហការី បានឧបត្ថម្ភជាថវិកាចំនួន ១១.៤០០ ដុល្លារ និងបានចំណាយរៀបចំមានអាហាររួមផ្សំ មាន ស្ករត្នោត និងអំបុកធម្មជាតិដាក់តាំងលក់ក្នុងស្តង់ពិពណ៌សង្ក្រានស្វាយរៀង បានចំណូលមកវិញ ១.៣០០ ដុល្លារ ហើយថវិកាទាំងអស់នេះលោកស្រីនឹងប្រគល់ជូនដល់អនុសាខាក្រុង ស្រុកទាំង ៨ តាមទិន្នន័យប្រជាជនតិចឬច្រើន សម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងកត្តាងាយរងគ្រោះចាប់ពី ១ ដល់ ៥ ករណី ។
នៅក្នុងពិធីនេះលោកស្រី ក្នុងនាមក្រុមគ្រួសារ និងក្នុងនាមអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំង ៨ ក្នុងខេត្ត ក្រោយពីទទួលបានថវិកានេះយកទៅ ត្រូវបញ្ចូលគណនីបញ្ញើរនៅធនាគារដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវតាមទម្រង់ការហេរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជាក្នុងការប្រើប្រាស់រៀបចំចំណូល និងចំណាយ ហើយត្រូវយកចិត្តទុកដាក់តាមដានស្ថានភាព គ្រោះមហន្តរាយ និងកក្តាជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួន ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងកំរិតតិចតួច បើករណីច្រើនលើសពីលទ្ធភាព ត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសាខាខេត្តជាបន្ទាន់ ដើម្បីសាខាដោះស្រាយ ឆ្លើយតបជូនបានទាន់ពេលវេលា ។
ថវិកាដែលលោកជំទាវនឹងផ្តល់ជូនទៅអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក គឺ ស្រុកស្វាយជ្រំ ៣.០០០ $ ស្រុករមាសហែក ២.៣០០ $ ស្រុកកំពង់រោទិ៍ ១.៧៥០ $ ស្រុករំដួល ១.៤៥០ $ ស្រុកស្វាយទាប ១.៤៥០ $ ស្រុកចន្ទ្រា ៧៥០ $ ក្រុងស្វាយរៀង ១.៤៥០$ និង ក្រុងបាវិត ៥៥០ $ សរុប ១២.៧០០ ដុល្លារ ៕ ដោយ ៖ វ៉ៃកូ