ភ្នំពេញ ៖ យោងតាមរបាយការណ៍ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩ របស់អគ្គស្នងការនគរបាលជាតិគឺមានករណីគ្រោះថ្នាក់ចរចរបានកើតឡើង ១០៧៦ លើក បណ្តាលឲ្យស្លាប់ចំនួន ៥១៣ នាក់ និងរបួសចំនួន ១៥៩២ នាក់ ។
នារសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិមានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារនិងដាក់ចេញវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពលោកគឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌អនុប្រធានអនុគណៈកម្មការទី ២ និងលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិនិងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី ២ ។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានរាយការណ៍សភាពការណ៍និងឆ្លងសេចក្តីព្រាងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជូនលោកគឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន អនុគណៈកម្មការ ទី ២ និង ជា ប្រធាន អង្គប្រជុំ ដោយ លោករដ្ឋលេខាធិការ បាន ដឹកនាំ ពិភាក្សា ឆ្លង ខ្លឹមសារ សេចក្តីព្រាងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ។
តាមរបាយការណ៍សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩ បានកើតឡើង ១០៧៦ លើក បណ្តាលឲ្យស្លាប់ចំនួន ៥១៣ នាក់ និង របួសចំនួន ១៥៩២ នាក់ ។ កន្លែងមានអ្នកស្លាប់ច្រើននៅរាជធានី ភ្នំពេញចំនួន៩១ នាក់ ខេត្តកំពង់ស្ពឺ ចំនួន ៣៩ នាក់ និងខេត្តព្រះសីហនុចំនួន ៣២ នាក់ ។ ចំនួនជន រង គ្រោះមធ្យមក្នុងមួយថ្ងៃស្លាប់ ៦ នាក់ និងរបួស ១៨ នាក់ មូលហេតុការបើកបរលើសល្បឿន កំណត់ ៤១ ភាគរយមិនគោរពសិទ្ធិ ១៩ ភាគរយមិនប្រកាន់ស្តាំ ១៣ ភាគរយបត់គ្រោះថ្នាក់ ៩ ភាគរយ ស្រវឹង ៤ ភាគរយ កត្តា យានយន្ត ៣ ភាគរយ និង ងងុយ ២ ភាគរយ ។
ប្រៀបធៀបត្រីមាសទី ១ ឆ្នាំ ២០១៨ គ្រោះថ្នាក់ កើនឡើង ២៥៧ លើក (១០៧៦ លើ ៨១៩ លើក ) ស្មើ ៣១ ភាគរយ ស្លាប់ កើនឡើង ចំនួន ៣៣ នាក់ (៥១៣ លើ ៤៨០ នាក់ ) ស្មើ ៧ ភាគរយ និង របួស កើន ៣៥៨ នាក់ (១៥៩២ លើ ១២៣៤ នាក់ ) ស្មើរ ២៩ ភាគរយ ៕ ដោយ៖កូឡាប