ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៩នេះបានថ្លែងអំណរគុណដល់មន្ត្រីរាជការនិងកងកម្លាំងទាំងបីប្រភេទប្រមាណជាង ១០០០នាក់ដែលបង្ករអោយកម្មវិធីសង្ក្រានស្វាយរៀងនៅឆ្នាំ២០១៩នេះទទួលបានជោគជ័យជាប់ចំណាត់ថ្នាក់លេខ២ដែលមានមនុស្សចូលរួមដើរលេងកម្សាន្តសប្បាយជាង៤៧មុឺននាក់។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ៖ ទាំំងអស់នេះក៏ដោយសារមានការចូលពីកងកម្លាំងប្រដាប់អាវុធបានការពារសុខសុវត្ថិភាពបានយ៉ាងល្អលទ្ធផលដ៏ល្អប្រសើរនេះ ទទួលបានពីការចូលរួមចំណែកសហការប្រកបដោយការទទួលខុសត្រូវពីគ្រប់ជំនាញ គ្រប់ផ្នែក និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ផងដែរ។
ទន្ទឹមនេះលោកម៉ែន វិបុលក៏សូមថ្លែងនូវការកោតសរសើរជូនចំពោះគណៈកម្មការ អនុគណៈកម្មការរៀបចំសង្ក្រាន្តស្វាយរៀង ឆ្នាំ២០១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្វាយរៀង ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់ ។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោកអភិបាលខេត្តស្វាយរៀងក៏បានជម្រុញដល់កម្លាំងទាំងអស់ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាអោយបានល្អក្នុងការដឹកនាំអង្គភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។មិនតែប៉ុណ្ណោះលោកអភិបាលខេត្តបានណែនាំដល់កងកម្លាំងត្រូវថែរក្សាសុខសន្តិភាព សុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋអោយល្អប្រសើរបន្ថែមទៀតជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោកឹង ឃនស្នងការនរគបាលខេត្តស្វាយរៀងបានថ្លែងអំណរគុណដល់លោកម៉ែន វិបុលអភិបាលខេត្តដែលតែងតែគិតគួរពីសុខទុកកងកម្លាំងហើយថ្ងៃនេះបានលើកទឹកចិត្តដល់កម្លាំងធ្វើជប់លៀងបង្ករលក្ខណះសប្បាយរីករាយផងដែរ ៕ ដោយ ៖ វ៉ៃកូ