ព្រៃវែង ៖ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងជាច្រើនរូប ដែលបានចុះទៅមូលដ្ឋាន បានមានប្រសាសន៍ពន្យល់ដល់អ្នកចូលរួមប្រមាណ២០០នាក់ ពីសភាពការណ៍វិវត្តន៍នយោបាយថ្មីៗនៅកម្ពុជានាពេលបច្ចុប្បន្ន។នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលជាតំណាងមកពីស្រុកទាំង៦នៃភាគខាងជើងខេត្តព្រៃវែង ដែលមានទីតាំងនៅស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា រួមជាមួយ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ។
បន្ទាប់ពី លោក នួន ថូ ប្រធានស្តីទីស្រុកស៊ីធកណ្តាល បានមានប្រសាសន៍ជម្រាបជូនអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅតាមបណ្ដាស្រុកនៃខេត្តព្រៃវែង ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀន មន្ទីរពេទ្យបង្អែក ផ្លូវថ្នល់ ផ្លូវលំ និងប្រព័ន្ធធារាសាស្ត្រជាដើមនោះ លោក ជាម យៀប បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងសុខសន្តិភាព ឯកភាពទឹកដី និងស្ថិរភាពនយោបាយ ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងនូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ចរឹងមាំល្អ។
លោកមានប្រសាសន៍ទៀតថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ឥតងាករេនូវគោលនយោបាយនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់។ ទន្ទឹមនឹងនោះ នៅក្នុងឆ្នាំ២០១៨ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ផង និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ផង រាជរដ្ឋាភិបាលកម្ពុជាក៏ធានាអោយមានការបោះឆ្នោតទាំងពីរនេះប្រព្រឹត្តទៅដោយរលូនមានសណ្តាប់ធ្នាប់ និងប្រកបដោយតម្លាភាព ជាពិសេសការពារអោយបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលយើងសម្រេចបានដោយលំបាក អោយនៅស្ថិតស្ថេរគង់វង្ស ក៏ដូចជាបន្តទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណងធ្វើអោយប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ និងអស្ថិរភាព។
លោក ប៉ែន បញ្ញា ក៏បានមានប្រសាសន៍ពន្យល់ពីសភាពការណ៍ថ្មីៗ ជូនដល់អ្នកចូលរួមទាំងអស់ បានជ្រាបបន្ថែមអំពីករណីរបស់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចឃុំខ្លួន និងការរំលាយគណបក្សសង្គ្រោះជាតិដោយសាលក្រមតុលាការកំពូល ក៏ដូចជាមូលហេតុនៃការផ្លាស់ប្ដូរសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោកស សុខា ក៏បានជម្រាបជូនពីការវិវត្តន៍រីកចម្រើនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ជាប្រធាន ដែលបានធ្វើឲ្យយុវជនយុវនារីចូលរួមយ៉ាងសកម្មលើកិច្ចការសង្គម។ លោក ក៏បានផ្តាំផ្ញើដល់សមាជិកអង្គពិធីទាំងអស់ សូមចូលរួមផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងមានការអធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថានៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន១៩៥២នាក់ ដែលជាតួលេខមួយនៅខ្ពស់នៅឡើយ៕ ដោយ៖បញ្ញាស័ក្តិ