ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងជួរនគរបាលជាតិ ដោយបញ្ចុះសក្តិស្នងការ នគរបាលរាជធានី-ខេត្ត ។
បើយោងតាមគេហទំព័រ របស់លោកវឌ្ឍនា សារពង្ស ទេសរដ្ឋមន្ត្រី និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ មានការផ្សព្វផ្សាយនូវឯកសារ ស្ដីពីការបង្ហាញលំដាប់ឋានន្តរស័ក្តិ ផ្នែកនគរបាល និងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយបន្ថយផ្កាយនិង សក្ត័ ខណៈស្នងការ ខេត្តក្រុង មកត្រឹម សក្តិ៥វិញ ដែលបច្ចុប្បន្ន ស្នងការខេត្តក្រុង ពាក់ផ្កាយពីរលើស្មា ។
យោងតាមឯកសារដែលបែកធ្លាយ បានបង្ហាញថា គឺក្រសួងមហាផ្ទៃ បានកែទម្រង់ ដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ រក្សាទុកឋានៈ ជានាយឧត្តមសេនីយ៍ ផ្កាយ៤ រីឯអនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាឧត្តមសេនីយ៍ឯក និងឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ដែលមានផ្កាយ៣។ រីឯអគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាឧត្តមសេនីយ៍ទោ និងឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ផ្កាយ២។ រីឯប្រធាននាយកដ្ឋានកណ្តាល ទទួលផែន នៃអគ្គស្នងការ គឺជាឧត្តមសេនីយ៍ទោ ផ្កាយ២។
ចំណែក ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការ ឬអគ្គនាយកដ្ឋាន ជាឧត្តមសេនីយ៍ត្រី ឬឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ផ្កាយ១។ អនុបប្រធាននាយកដ្ឋានកណ្តាល ទទួលផែន នៃអគ្គស្នងការ អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ស្នងការនគរបាលរាជធានីខេត្ត គឺជាវរសេនីយ៍ឯក ត្រឹមតែស័ក្តិ ៥ប៉ុណ្ណោះ។ រីឯអនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ/ ប្រធានពន្ធនាគាររាជធានីខេត្ត ជាវរអគ្គានុរក្ស ថ្នាក់លេខ សក្តិ៥។
ឯកសារដដែល បង្ហាញថា ប្រធានការិយាល័យថ្នាក់កណ្តាល ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងប្រធានការិយាល័យកណ្តាល ទទួលផែន ជាវរសេនីយ៍ទោ សក្តិ ៤កន្លះ។ ក្នុងនោះ ប្រធានការិយាល័យកណ្តាល និងអនុប្រធានមណ្ឌលអប់រំកែប្រែ/ អនុប្រធានពន្ធនាគាររាជធានីខេត្ត ជាវរអគ្គានុរក្សថ្នាក់លេខ២ ឬសក្តិ ៤កន្លះ។ រីឯអនុប្រធានការិយាល័យថ្នាក់កណ្តាល អនុប្រធានការិយាល័យកណ្តាលទទួលផែន និងប្រធានការិយា ល័យនៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត គឺជាវរសេនីយ៍ត្រី សក្តិ៤។ រីឯអនុប្រធានការិយា ល័យថ្នាក់កណ្តាល និងប្រធានការិយាល័យនៃមណ្ឌលអប់រំ និងពន្ធនាគាររាជធានីខេត្ត គឺជាវរអគ្គានុរក្ស ថ្នាក់លេខ៣ សក្តិ៤។
ចំណែក ប្រធានផ្នែកថ្នាក់កណ្តាល អធិការនគរបាលខណ្ឌ/ស្រុក និងអនុប្រធានការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត គឺជាអនុសេនីយ៍ឯក សក្តិ៣ ។ ប្រធានផ្នែកថ្នាក់កណ្តាល និងអនុប្រធានការិយាល័យនៃមណ្ឌលអប់រំកែប្រែ/ ពន្ធនាគាររាជធានីខេត្ត គឺជាអគ្គានុរក្ស ថ្នាក់លេខ១ សក្តិ៣។
ដោយឡែក អនុប្រធានផ្នែកថ្នាក់កណ្តាល ប្រធានផ្នែកនៃស្នងការនគរបាលរាជធានីខេត្ត និងអធិការរងនគរបាលខណ្ឌស្រុក ជាអនុសេនីយ៍ទោ សក្តិ២។ អនុប្រធានផ្នែកថ្នាក់កណ្តាល និងប្រធានផ្នែកនៃមណ្ឌលអប់រំកែប្រែ/ ពន្ធនាគាររាជធានីខេត្ត ជាអគ្គានុរក្សថ្នាក់លេខ២ សក្តិ២។ រីឯអនុប្រធានផ្នែក នៃស្នងការនគរបាលរាជធានីខេត្ត និងប្រធានប៉ុស្តិ៍រដ្ឋបាល ជាអនុសេនីយ៍ត្រី សក្តិ១។ ក្នុងនោះ អនុប្រធានផ្នែកនៃមណ្ឌលអប់រំកែប្រែ/ពន្ធនាគាររាជធានីខេត្ត អគ្គានុរក្សថ្នាក់លេខ៣ សក្តិ១។
ដោយឡែកអនុប្រធានប៉ុស្តិ៍រដ្ឋបាល ជាព្រិន្ទបាលឯក។ មន្ត្រីនគរបាល ជាព្រឹន្ទបាលទោ ពលបាលឯក ពលបាលទោ ពលបាលត្រី។ រីឯអនុរក្សពន្ធនាគារ ជាអគ្គានុរក្សថ្នាក់លេខ៤ អនុរក្សថ្នាក់លេខ១ អនុរក្សថ្នាក់លេខ២ អនុរក្សថ្នាក់លេខ៣។
សូមបញ្ជាក់ថាកំណែទម្រង់នេះធ្វើឡើងក្រោយពី សម្តេចតេជោ ហ៊ុន សែនបាន ណែនាំផ្ទាល់មាត់ជូនសម្តេច ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងជួរទាហាន និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យកាត់បន្ថយផ្កាយ ក្នុងជួរនគរបាល ៕ ដោយ ៖ បញ្ញាស័ក្តិ