ខេត្តស្វាយរៀង ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យស្រវឹង បានបើកម៉ូតូយ៉ាងលឿន បុកពំនូកថ្មហោះទាំងម៉ូតូ និងទាំងមនុស្ស ដួលបោកទៅលើដី បណ្ដាលឲ្យបែកមុខបែកមាត់សន្លប់ស្តូកស្តឹង ទាំងកណ្តាលភ្លៀងរលឹម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយយកអាសា កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ទំនងជាស្រវឹងផង បានបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1k-5998 បោះពួយយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ជែងរថយន្ត និងម៉ូតូ កាត់ភ្លៀងកំពុងតែធ្លាក់ តាំងពីក្រុងបាវិត រហូតមក។ លុះពេលគេធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្តាំដៃ បុកនឹងពំនូកថ្មមុខផ្ទះរបស់ពលរដ្ឋ បណ្ដាលឲ្យហោះហោះទាំងម៉ូតូ និងមនុស្ស ចម្ងាយជិត១០ម៉ែត្រ ធ្លាក់បោកក្បាលនឹងថ្នល់ បណ្តាលឲ្យសន្លប់ស្តូកស្តឹង។
ប្រភពមួយទៀត បានឲ្យដឹងថា យុវជនខាងលើបានធ្វើការថែមម៉ោង ហើយពេលចេញមកផ្ទះ ក៏ឆ្លៀតហូបស្រាបន្តិចបន្តួច ហើយសង្ស័យថាស្រវឹង ព្រោះពេលលើកជនរងគ្រោះដាក់លើរថយន្តសង្គ្រោះបន្ទាន់ គឺខ្លួនរបស់គេធុំក្លិនស្រាហួងតែម្ដង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ នៅជិតនោះ បានហៅរថយន្តសង្គ្រោះបន្ទាន់មកដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចបានមកយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំសាច់ញាតិមកទទួល យកទៅប្រើប្រាស់វិញ៕ ដោយ ៖ វ៉ៃកូ