ភ្នំពេញ៖ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូនេះតទៅ ព្រោះថាបើយោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនាព្រឹកថ្ងៃទី២៥ខែធ្នូនេះ។
បើក្រសួងធនធានទឹក បានបង្ហាញថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) បានវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១។ យោងតាមការណ៍ព្យាករណ៍ បានបង្ហាញថា ព្យុះតឹមប៊ិន នឹងធ្វើដំណើរមកដល់ឆ្នេរប្រទេសវៀតមាននៅល្ងាចថ្ងៃទី២៥ខែធ្នូ រួចមកបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ព្យុះតឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
បើតាមក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវ ដល់អ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី២៥ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ៕ ដោយ ៖ បញ្ញាស័ក្តិ