កំពង់ធំ ៖ ថ្ងៃ ចន្ទ ១០រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦២ ត្រូវនិង ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ១០ នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញ
ជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកសន្ទុក នៅសាលប្រជុំសាលា
ស្រុកសន្ទុក ។
ដោយមានការអញ្ជើញចូលរួមលោកស្នងការរង លោកនាយ លោកស្រីនាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងផ្នែក នាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីនគរបាលចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកសន្ទុកចូលរួមប្រមាណ១០៣ នាក់ស្រី ១៧ នាក់ ។
លោកវរសេនីយ៍ទោ ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានអានរបាយការណ៍ ស្ដីពីស្ថានភាពរបស់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ៖ កងកម្លាំងនគរបាលសរុបមានចំនួន ៩៥ នាក់ ស្រី ១៥ នាក់ក្នុងនោះ កម្លាំងជំនាញមានចំនួន ២៤ នាក់ ស្រី ០៦នាក់,កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧១ នាក់ ស្រី០៩ នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បាននាំយកប្រសាសន៍ ផ្ដាំផ្ញើថ្លែងអំណរ
គុណ របស់ថ្នាក់ដឹកនាំ ជាពិសេសប្រសាសន៍ ផ្ដាំផ្ញើ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ចំណុះអោយអធិការដ្ឋាននគរបាលស្រុកសន្ទុក ចំពោះការខិតខំប្រឹងប្រែងចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម រយៈកន្លងមក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស២០១៩ ធានាបានសុវត្ថិភាពល្អ ទូទាំងភូមិសាស្ត្រស្រុកសន្ទុក ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ ពង្រឹងវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់ និងពង្រឹងរបៀបរបបការងារជំនាញ វិធានជំនាញ ផ្ដល់ជាបទពិសោធន៍
មួយចំនួន ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ដែលជាគន្លឹះសំខាន់ៗក្នុងការអនុវត្តន៍ កិច្ចការងារជាប្រចាំថ្ងៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានណែនាំដល់កម្លាំងជំនាញ បន្តការហ្វឹកហ្វឺន របៀបពន្លត់អគ្គិសនី និងវិធីសាស្ត្រសង្គ្រោះជាបឋម ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព ជាពិសេសបន្តការផ្សព្វផ្សាយបំផុសដល់មហាជនឲ្យចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ និងបង្កើនការប្រុងប្រយ័ត្ន គ្រប់ពេលវេលាចំពោះ អ្វីៗជាដើមចមដែលផ្ដើមអោយមានគ្រោះថ្នាក់អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងធុប ប្រេងសាំង ចរន្តអគ្គិសនី ។ល។
លោកឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ត្រូវប្រកាន់ភ្ជាប់ការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានរឹងម៉ាំនិច្ច ដើម្បីចូលរួមចំណែកក្នុងការបំពេញកិច្ចការងារជាប្រចាំថ្ងៃ
ព្រមទាំងអនុវត្តនូវគោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ សម្រេចបានជោគជ័យ និងភាពរីកចម្រើន
សម្រាប់អង្គភាព ។
ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានប្រគល់ ឱសថមួយចំនួន ដល់អធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសម្រាប់ព្យាបាលជម្ងឺ ដល់កងកម្លាំងផងដែរ៕ ដោយ ៖ កូឡាប