(ខេត្តតាកែវ)៖ នៅថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហាមួយចំនួនរួមមាន៖ ងៀតក្បាលត្រីស្តោ ត្រីប្រា សាច់ក្រក សាច់ជ្រូក ប្រហិតសាច់គោ សាច់ត្រី ខ្ញី និងសរសៃគុយទាវបាញ់កាញ់ ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ។
ជាលទ្ធផលមន្ត្រីជំនាញបានរកសាធាតុគីមីហាមឃាត់បូរ៉ាក់ក្នុងសរសៃគុយទាវបាញ់កាញ់ ចំនួនសរុប ៥ គីឡូក្រាម ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ដើម្បីធ្វើការដុតកម្ទេចចោល និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ដែលមានផ្ទុកសារធាតុគីមីបន្តទៀត។ បន្ទាប់មកមន្ត្រីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ