ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ មាននាវាទេសចរណ៍បរទេស ១គ្រឿង ឈ្មោះ Genting Drem មានសញ្ជាតិ Bahamas បានចូលចត នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
នាវាខាងលើនេះ ដឹកភ្ញៀវទេសចរបរទេសចំនួន ៣,១៩២នាក់ និងមាន ៣០សញ្ជាតិ ផ្សេងគ្នា។ នាវានេះធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ី ហើយចូលមកទស្សនា ប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ ឲ្យដឹងបន្តថា នាវាទេសចរនេះ មាននាវិកបំរើការងារលើនាវាចំនួន ១៧៣២នាក់ និងមាន ៣៤សញ្ជាតិ។ ហើយថា នាវាទេសចរនេះ នឹងចាកចេញពីប្រទេសកម្ពុជា បម្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ នៅម៉ោង ៨យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ៕ ដោយ ៖ ដែនសីមា