តាកែវ ៖ អជ្ញាធរស្រុកព្រៃកប្បាស និយាយថារឿងសត្វជ្រូកលួចនាំចូលពីវៀតណាម ឆ្លងកាត់តាមឃុំព្រៃផ្តៅពិតជាមានពិតមែន តែជ្រូកគឺឡើងតាមច្រករបៀងនៃស្រុកអង្គរបុរី ខេត្តតាកែវ ។
លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានប្រាប់អោយក្រុមអ្នកសារព័ត៌មានដឹងថា នៅយប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ មានក្រុមឈ្មួញលួចនាំជ្រូកឡើងចូលមកចរាចរណ៏លក់បន្លំនៅក្នុងស្រុក ពេលនោះកំលាំងសមត្ថកិច្ចជំនាញប៉េអ៊ឹមស្រុកបានធ្វើការប្រដេញតាមចាប់ដែរ តែដោយសារមធ្យោបាយក្នុងការធ្វើដំណើរ និងការបើកបររថយន្តរត់គេចរបស់ក្រុមឈ្មួញដែលលួចនាំជ្រូកឡើងនោះ បើកបរក្នុងល្បឿនលឿននោះ បានរត់រួច ។ លោកបន្តថា ជុំវិញករណីនេះលោកបានកោះហៅសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មកប្រជុំរៀបចំផែនការស្ទាក់ចាប់ អោយបាន បើសិនជាក្រុមឈ្មួញទាំងនោះហ៊ានលួចនាំជ្រូកឡើងទៀតនោះ ។ លោកបន្តថា ការលួចនាំជ្រូកវៀតណាមចូលមកលួចបន្លំលក់នោះពិតជាមានហានិភ័យខ្លាំងណាស់ បើសិនជាជ្រូកទាំងនោះមានជម្ងឺ ដែលប្រទេសវៀតណាម កំពុងមានផ្ទុះជម្ងឺ បេសអាហ្វ្រិច ដែលជាជម្ងឺឆ្លងរាលដាលដ៏សាហាវមួយពីសត្វទៅសត្វ ដូច្នេះសូមអោយអង្គភាព និងស្ថាប័នពាក់ព័ន្ធរួមគ្នាទប់ស្កាត់អោយបាន ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋរាយការណ៍ថា ជ្រូកដែលលួចនាំចូលមកនេះ គឺភាគច្រើនឡើងនៅពេលទឹកជោជន់ឡើង រួចមកដល់កំពង់ព្រៃផ្តៅ បានលើកដាក់ឡានរុញឡើង ហើយបានដឹកយកមកកាប់សាច់ បន្លំចូលលក់ថា ជាជ្រូកក្នុងស្រុក ជ្រូក CP ។ ពលរដ្ឋខាងលើបាននិយាយទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមឈ្មួញខិលខូច លួចនាំជ្រូកនេះឡើង រីឯមន្ត្រីជំនាញពេទ្យសត្វវិញ នៅតែទប់ស្កាត់មិនបានឡើយ ។
សូមបញ្ជាក់ផងដែរថា កាលពីដើមខែមេសា ឆ្នាំ ២០១៩នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការប្រជុំបន្ទាន់មួយ ដោយដាក់គោលការណ៏យ៉ាងតឹងរឹង ជាមួយនិង អភិបាលគ្រប់ស្រុកណាដែលមានជ្រូកនាំចូលពីប្រទេសវៀតណាម លួចនាំចូលបន្លំលក់ក្នុងស្រុក និងត្រូវដកចេញពីមុខតំណែង ៕ ដោយ ៖ តាកែវ