ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីឆេះបង្គោលភ្លើងអគ្គីសនីមួយកន្លែង មានទីតាំងនៅជាប់ព្រះរាជដំណាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ។
អគ្គីភ័យនេះខាងលើនេះ បានបណ្តាលឲ្យបង្គោលអគ្គីសនី នៅចំណុចកើតហេតុ ត្រូវកាត់ផ្តាច់ ហើយរថយន្តម៉ាកស្តារុិច ២គ្រឿង ដែលចតនៅក្បែរបង្គោលភ្លើងនោះ ត្រូវភ្លើងឆេះហ្មត់នៅសល់តែគ្រោងឆ្អឹង។
ក្រោយមានភ្លើងឆេះ មន្ត្រីអង្គភាពអគ្គីសនីខេត្តព្រះសីហនុ ក៏បានប្រកាសផ្អាក ការផ្គត់ផ្គង់ចរន្តអគ្គីសនី នៅតំបន់នោះជាបណ្តោះអាសន្ន គឺនៅបន្ទប់ភ្លេីង PMT333 និង Sx35 ដើម្បីឲ្យក្រុមការងារពន្លត់អគ្គីភ័យ ជួយពន្លត់ភ្លេីងដែលឆេះខ្សែកាបអុីនធឺណេត និងបានឆេះរាលរាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យដាច់ចរន្តអគ្គីសនី នៅទីតាំងមួយចំនួន នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីអង្គភាពអគ្គីសនីខេត្តព្រះសីហនុ បន្តថា ចរន្តអគ្គីសនី ដែលបានកាត់ផ្តាច់នោះ នឹងបើកឲ្យដំណើរការវិញ បន្ទាប់ពីក្រុមអ្នកបច្ចេកទេស បានជួសជុលរួចរាល់ជាមុនសិន៕ ដោយ៖ ដែន សីមា