តាកែវ ៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ បានធ្វើការអះអាងថា ក្រុមអាជីវករភាគច្រើន គឺពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីសុវត្ថិភាពចំណីអាហារ ដោយដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ និងសឹងតែសារធាតុគីមីដាក់លើចំណីអាហារដូចពីមុនទៀតឡើយ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ នៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារិ៍នេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានមានប្រសាសន៍ថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្ត្រីជំនាញរបស់យើងបានធ្វើត្តេស៍បឋមទៅលើចំណីអាហារ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន និងរកឃើញតែគុយទាវបាញ់កាញ់៥គីឡូដែលផ្ទុកសារធាតុគីមីប៊ូរ៉ាក់ ក្រៅពីហ្នឹងគឺពុំមានបញ្ហាអ្វីទាំងអស់ ខុសពីមុនឆ្ងាយដោយលើកមុនយើងបានធ្វើការបំផ្លាញ សសៃគុយទាវបាញ់កាញ់នេះរាប់រយគីឡូឯណោះ តែពេលនេះពួកគាត់មានការយល់ដឹងច្រើនអំពីសុវត្ថិភាព និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងតាមរយៈការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូចជាការអប់រំណែនាំបន្ថែមពីមន្ត្រីជំនាញកាំកុងត្រូល ។
លោក ប៉ោ លាងគង់ បន្ថែមទៀតថា សុវត្ថិភាពចំណីអាហារនេះ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សទូទៅ ព្រោះបើកាលក្រុមអាជីវករ លក់ទំនិញ និងចំណីអាហារដែលមានអនាម័យល្អត្រឹមត្រូវ និងគ្មានសារធាតុគីមី វានឹងឲ្យយើងមានសុខភាពល្អរឹងមាំ ជៀសផុតពីជម្ងឺផ្សេងៗ ដូច្នោះបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក្នុងនាមយើងជាមន្ត្រីជំនាញកាំកុងត្រូល គឺនៅតែចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារជាប់ជាប្រចាំ ពោលគឺមិនឲ្យទីផ្សាររបស់យើងពោរពេញទៅដោយអាហារគីមី និងទំនិញមិនស្អាតល្អនោះទេ ។
បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្ត ប៉ោ លាងគង់ ការយល់ដឹងច្រើនរបស់បងប្អូនអាជីវករចំពោះសុវត្ថិភាពចំណីអាហារ វានឹងនាំឲ្យទីផ្សាររបស់យើង ក្លាយជាទីផ្សារដែលមានសុវត្ថិភាព មានអនាម័យ និងគ្មានការប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ៕ តាកែវ