ភ្នំពេញ ៖ ពាក់ព័ន្ធនឹងបុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីសង្ស័យ និងរកឃើញមានគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ ដែលជនសង្ស័យ រូបនេះស្ពាយជាប់នឹងខ្លួន ត្រូវបានលោកស្នងការនគរបាលបានបញ្ជាក់ថា មិនមែនជាគ្រាប់បែកទេ គឺជាខ្សាច់តែប៉ុណ្ណោះ។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា “សូមសាធារណជនជ្រាប ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែន ជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ “។
ព័ត៍មានទាក់ទងទៅនឹងជនជាតិចិនម្នាក់ស្ពាយគ្រាប់បែកក្លែងក្លាយយកទៅគំរាមមិត្តភក្តិរបស់ខ្លួន លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិសែន ជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ មានជនជាតិចិនម្នាក់ស្ពាយគ្រាប់បែកឆ្នៃក្លែងក្លាយ យកទៅគំរាមមិត្តភក្តិដោយសារទំនាស់ផ្ទាល់ខ្លួនទាក់ទងទៅនឹងការរកស៊ីហ៊ុនគ្នា ដែលស្ថិតនៅផ្ទះលក់គុជមួយកន្លែង នៅក្នុងខណ្ឌពោធិសែនជ័យ បន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ ទាក់ទងទៅនិងករណីនេះភ្លាម សម្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ ក្រោយពិនិត្យទើបដឹងថាជាគ្រាប់បែកឆ្នៃក្លែងក្លាយដែលមានតែដីខ្សាច់ និងនាឡិកា។
បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីសង្ស័យ និងរកឃើញមានគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ ដែលជនសង្ស័យ រូបនេះស្ពាយជាប់នឹងខ្លួន នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសរូបនេះ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់។
ក្រោយឃាត់ខ្លួន ជនសង្ស័យរូបនេះ ត្រូវកម្លាំងសមត្ថកិច្ចនាំទៅធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការបន្ដទៀត៕ ដោយ ៖ បញ្ញាស័ក្តិ