ភ្នំពេញ ៖ ពាក់ព័ន្ធនឹងករណីនគរបាលម្នាក់ ដែលស្រវឹងស្រាជោកជាំ ដកកាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់គំរាមប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធនោះ ត្រូវបាន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ឲ្យចាត់ការតាមវិន័យកងកម្លាំង។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ថា លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានឲ្យធ្វើការសម្របសម្រួល ជាមួយភាគីជនរងគ្រោះផងដែរ ចំពោះករណីនេះ។
លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះករណីនេះមេ (នាយឧត្តមសេនីយ៍ នេត សាវឿន) បានបញ្ជាឲ្យចាត់ការតាមវិន័យកងកម្លាំង និងធ្វើការសម្របសម្រួលជាមួយជនរងគ្រោះ។ នៅពេលនេះ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ដួង ណាគ្រី ដែលជាជនបង្កបទល្មើស ត្រូវបានបញ្ជូនខ្លួន ពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ មកកាន់អង្គភាពតម្រួតបទបញ្ជា ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា មានករណីផ្ទុះអាវុធប៉ុនប៉ងឃាតកម្ម បាញ់ទៅលើជនរងគ្រោះ កំពុងជិះឡាន នៅច្បារអំពៅទី១ ដោយប្រើអាវុធខ្លីម៉ាករ៉ូឡូបាញ់បណ្តាលឲ្យបែកកញ្ចក់រថយន្ត នៅផ្លូវ៣៦៣ កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២ ឧសភា ២០១៩ ម៉ោង០០និង៤៥នាទី កណ្តាលអធ្រាត្រ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុនសន្តិសុខ ស៊ីភីអេស ស្នាក់នៅផ្ទះលេខ១៤៤ ផ្លូវបេតុង ភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខរបរ អនុប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ ៣៦០ សង្កាត់ បឹងកេងកង៣ ខណ្ឌ ចំការមន។
ក្រុមសមត្ថកិច្ចបន្តទៀតថា នាមុនពេលកើតហេតុជនរងគ្រោះ បើកបររថយន្តម៉ាក Rang Rover ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ ២U-៤៤៤៨ ជាមួយប្រពន្ធត្រឡប់មកផ្ទះ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនោះជនរងគ្រោះក៏ឈប់ រថយន្តនៅចិញ្ចើមផ្លូវមុខ មជ្ឈមណ្ឌលរ៉ក ដើម្បីកាច់កៅអីរថយន្តឲ្យប្រពន្ធដេក រួចក៏បើករថយន្តចេញ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Lexus ៣៣០ ពណ៌ស ស្លាកលេខ សៀមរាប ២B-៥១៥៣ មានភាពស្រវឹងស្រាខ្លាំង មកពីក្រោយ ស៊ីញ៉ូ ភ្លើងតាមកៀឲ្យរថយន្តជនរងគ្រោះឈប់ រួចរករឿងចាប់ជនរងគ្រោះ ដោយគ្មានមូលហេតុ ពេលនោះជនរងគ្រោះក៏ និយាយថា បើមានរឿងអីមកកន្លែងសមត្ថកិច្ច រួចក៏បើករថយន្តសំដៅ មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ពេលមក ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ ក៏កៀរថយន្តជនរងគ្រោះឲ្យឈប់ តែជនរងគ្រោះមិនឈប់ ជនសង្ស័យក៏ចុះ ពីលើរថយន្តដកអាវុធខ្លីម៉ាករ៉ូឡូ លេខ ១៨៨៦០៤ បាញ់សំដៅរថយន្តជនរងគ្រោះចំនួន០៥គ្រាប់ បណ្តាលឲ្យបែក កញ្ចក់រថយន្តខាងក្រោយខ្ទេច ក៏ត្រូវបានសមត្ថកិច្ចយើង ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ ៕ ដោយ ៖ កូឡាប