Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ស៊ីវិល​៖ “​ត្រូវ​នាំខ្លួន​ឈ្មួញ​ដី និង​អ្នកពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់កាប់ បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ធ្វើ​កម្មសិទ្ធិ​មក​ផ្តន្ទាទោស​”

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ចោទថា បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ត្រូវ​ឈ្មួញ​ដី និង​បុគ្គល​ខ្លះ មាន​តួនាទី​ជា​មន្ត្រី​មាន​អំណាច បាន​ឃុបឃិត​ទន្ទ្រាន​កាប់​ព្រៃ រាន​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ទាំងស្រុង ប៉ុន្តែ​បែរជា​រដ្ឋបាលខេត្ត​នេះ គ្មាន​វិធានការ​ទប់ស្កាត់​ទេ​។

​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់​ថា គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគីរ ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូ​វ ត្រូវ​ប្រជាពលរដ្ឋ ឈ្មួញ​ទិញ​លក់​ដី ពិសេស​មន្ត្រី​មាន​អំណាច មាន​ឋានៈ​ជា ឯកឧត្តម ជំទាវ មន្ត្រី​ខ្លះ​ពាក់​ផ្កាយ ចាប់ពី​ផ្កាយ ១ រហូត​ដល់​ផ្កាយ ៣​ជាដើម ព្រមទាំង​ឈ្មួញ​មាន​ទ្រព្យ មាន​ងារ​ជា​ឧកញ៉ា​មួយចំនួន បាន​ឃុបឃិត​ជួល​មនុស្ស ឲ្យទៅ​កាប់​រាន​ដី​ព្រៃ​ទាំងនោះ​ធ្វើ​កម្មសិទ្ធិ និង​បាន​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ ដោយ​បាន​អនុវត្ត​ផ្ទុយ ឬ​ផ្គើន​ទៅនឹង​បទ​បញ្ជា របស់ សម្តេច ហ៊ុន សែន ដែល​តម្រូវ​ឲ្យ​មន្ត្រី​ក្រោមឱ​វា​ទ ត្រូវ​ថែរក្សា​ការពារ​ព្រៃឈើ​ធម្មជាតិ នៅ​សេ​សល់​ឲ្យបាន​គង់វង្ស​។

​ផ្តើម​ពី​បញ្ហា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ក្ដៅ និង​រឹបអូស​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​មាន​មហិច្ឆិតា​មួយចំនួន​រំលោភ​ធ្វើ​កមក្មសិទ្ធិ និង​មាន​សង់ផ្ទះ ហ៊ុំ​ព័ទ្ធ​របង​រឹងមាំ ពិសេស​បាន​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​អនាធិបតេយ្យ​រាល់ថ្ងៃនេះ យកមក​ដាក់​ជា​សម្បតិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ដាំ​កូន​ឈើ​ដូចដើម​វិញ​។​

​ជាងនេះទៀត ក៏​ត្រូវមាន​វិធានការ​ក្តៅ​តាម​ផ្លូវច្បាប់​ទៅលើ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម​ក្មសិទ្ធិ ជា​ពី​សេស​ឈ្មួញ​ដី ដែល​ចូល​ទិញ​លក់​ដី គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដោយ​ត្រូវ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស ឲ្យបាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការព្រមាន​។

​បញ្ហា​នេះ លោកស្រី ជៀ​ប សុធា​រី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​ទទូច​ស្នើសុំ​ឲ្យ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ចេញ​កណ្ដាប់ដៃ​ដែក​រឹបអូស​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូ​វ ជាប់​មាត់សមុទ្រ យក​មក​ដាំ​កូន​ឈើ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឡើងវិញ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ អះអាងថា អ្នក​ជាប់​ពាក់ព័ន្ធ ឬ​ស្ថិត​នៅ​ពីក្រោយ​សកម្មភាព​ទន្ទ្រាន​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ នា​បរិវេណ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ គឺ​ភាគច្រើន​ជា​មន្ត្រី​មាន​តួនាទី​ខ្ពស់​ក្នុង​ក្រសួង ឬ​ស្ថាប័ន​ប្រដាប់អាវុធ​ទាំង​ថ្នាក់ជាតិ និង​មាន​មន្ត្រី​ខ្លះ កំពុង​បំរើ​ការងារ​នៅតាម​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​មាន​ឈ្មោះ​មាន​ចំណែក​ក្បាលដី នា​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​នេះដែរ​។​

លោកស្រី សុធា​រី ក្នុងនាម​សង្គម​ស៊ីវិល បាន​ស្នើ​ដល់ សម្តេច ហ៊ុន សែន ជួយ​ស៊ើបអង្កេត ឈានដល់​មាន​វិធានការ​ក្តៅ​ទៅលើ​ឈ្មួញ​ទិញ​លក់​ដី និង​ឈាន​ទៅ​ដកហូត​តួនាទី មន្ត្រី​ទាំងឡាយ​ណា ដែល​មាន​ឈ្មោះ​ឃុបឃិត ឬ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទិញ​លក់​ដី និង​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ធ្វើ​កម្មសិទ្ធិ ដើម្បី​ឈាន​ទៅ​បញ្ជូន​សំណុំរឿង​នេះ អ្នក​ជាប់​ពាក់ព័ន្ធ ទៅកាន់​តុលាការ​ផ្តន្ទាទោស ឲ្យបាន​ធ្ងន់ធ្ងរ​។

​មន្ត្រី​សមាគម​អាដហុក លោកស្រី ជៀ​ប សុធា​រី ក៏​បាន​ស្នើ​ដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​ពិនិត្យ​ឈាន​ដល់​និរាក​រណ៍ ឬ​រំលាយ​ប័ណ្ណកម្មសិទ្ធិ ដែល​បុគ្គល​មួយចំនួន ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ និង​កំពុង​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ រំលោភ​កាន់កាប់​ដី​រដ្ឋ ឬ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដោយ​ខុសច្បាប់​នៅ​តំបន់​ពយ​ម៉ាចូ​វ ដើម្បី​ដកហូត​យក​ដី​ទន្ទ្រាន​កាន់កាប់​ទាំងនោះ យក​មក​អភិរក្ស​ដាំ​កូន​ឈើ​ដូចដើម​វិញ​។​

​ត្រង់​ចំណុច​នេះ លោកស្រី ជៀ​ប សុធា​រី បាន​សំណូមពរ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ការពារ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យនៅ​គង់វង្ស ព្រោះ​បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​មាន​ទីតាំង​នៅ​តំបន់​ពយ​ម៉ាចូ​វ ត្រូវ​ឈ្មួញ​ទិញ​លក់​ដី ឬ​ជន​អនាធិបតេយ្យ មាន​ទាំង​មន្ត្រី​មាន​ឋានៈ​ខ្ពស់​កំពុង​បំរើ​ការងារ​នៅក្នុង​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​មួយ​ចំនួន មាន​ឈ្មោះ​មាន​ចំណែក​ក្បាលដី និង​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់ និង​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ រលាយ​ហិនហោច​គ្មាន​សល់​។​

​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ព្យាយាម​ទាក់ទង លោក ញ៉ឹក គឹម​តុង ដែល​ជា​ឈ្មួញ​ទទួល​ទិញ​លក់​ដី​ម្នាក់ ស្ថិតក្នុង​ចំណោម​ឈ្មួញ​ដី និង​បុគ្គល​មាន​ចំណែក​ដី​ឡូ នៅក្នុង​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ហើយ​ត្រូវ​គេ​ទន្ទ្រាន​កាន់កាប់ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដើម្បី​បញ្ជាក់​បន្ថែម អំពី​តម្លៃ​ហាងឆេង​ទិញ​លក់​ដី​ឡូ នៅ​តំបន់​តំបន់​ពយ​ម៉ាចូ​វ បាន​ទេ​តាម​ទូរស័ព្ទ ព្រោះ​ឈ្មួញ​ដី​រូបនេះ មិន​លើក​ទទួល​ទូរស័ព្ទ​។

​បច្ចុប្បន្ន​ឈ្មួញ​ដី ដែល​មន្ត្រីរាជការ និង​អ្នក​រស់នៅ​ខេត្ត​ព្រះសីហនុ ស្គាល់​ថា​ឈ្មោះ តុង ក៏​កំពុងតែបន្ត​ដើរ​ទិញ​ដី ពី​អ្នក​ចូល​ទៅ​កាប់​រាន និង​បាន​បន្ត​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញមុខ​ទប់ស្កាត់​នោះទេ​។

​ចំណុច​នេះ លោកស្រី ជៀ​ប សុធា​រី មន្ត្រី​សមាគម​អាដហុក មាន​មន្ទឹល​ថា បទល្មើស​ព្រៃឈើ ដែល​គ្មាន​ការបង្ក្រាប និង​អាច​ធ្វើ​សកម្មភាព​ដោយ​រលូន ហើយ​គ្មាន​អាជ្ញាធរ ឬ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហាមឃាត់​បែបនេះ ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅតាម​មន្ទីរ ឬ​ស្ថាប័ន​ជំនាញ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏​ថា​បាន​។ ពិសេស​ជាង​នេះ ក៏​ទំនង​ជា​អាច​មាន​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់ ឬ​មាន​អំណាច​មួយចំនួន កំពុង​បំរើ​ការងារ​នៅ​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ អាច​មានឈ្មោះ មាន​ចំណែក​ក្បាលដី នៅលើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២​នេះដែរ ទើប លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ចេញមុខ​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​ឲ្យមាន​ប្រសិទ្ធភាព នា​ពេលកន្លងមក​។

​យ៉ាងនេះក្តី លោកស្រី សុធា​រី ក៏​ស្នើ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​លើកសំណើរ ឬ​ស្នើសុំ​គោល​ការ​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក​ជួយ​បញ្ចេញ​កណ្តាប់ដៃ​ដែក ឬ​ជួយ​មាន​វិធានការ​តាម​ផ្លូវច្បាប់ បន្ត ដើម្បី​ឈាន​ទៅ​ដកហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​ខិលខូច​ទន្ទ្រាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​កន្លងមក ដើម្បី​ដក​ហូត​ដី​រដ្ឋ ដែល​ទន្ទ្រាន​ខុសច្បាប់​ទាំងនោះ យក​មក​ដាំ​កូន​ឈើ អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​ខាង​មុខ​វិញ​។​

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ព្រួយបារម្ភ​ថា បើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មិន​ដកហូត​យក​ដី​គម្រប​ព្រៃឈើ​បៃតង មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូ​វ ដែល​ត្រូវ​គេ​រាន​កាន់កាប់​អនាធិបតេយ្យ យក​មក​រដ្ឋ​គ្រប់គ្រង និង​ដាំ​ដើមឈើ​ឡើងវិញ​ទេ ទំនង​ជា​ជម្លោះ​ដណ្តើម​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​នេះ នឹង​កើតមាន​កាន់តែ​ច្រើន និង​ធ្ងន់ធ្ងរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​កន្លងមក​មាន​ភាគី​ជម្លោះ ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​មាន​អំណាច​មាន​ឋានៈ​ខ្ពស់ បាន​បង្ក​ជម្លោះ ឈាន​ទៅ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់​។​

​ទាក់ទិន​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ ដឹង​តាម​ទូរស័ព្ទ​ថា រដ្ឋបាល​ខេត្ត​នេះ នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​មូល​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​សង់ផ្ទះ និង​មាន​ដី​ឡូ​ហ៊ុំ​ព័ទ្ធ​របង នៅលើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​នា​ថ្ងៃ​ខាងមុខ​។

​ការងារ​នេះ លោក យន្ត មីន បញ្ជាក់ថា អាជ្ញាធរ​នឹង​ចាប់ផ្តើម​អនុវត្ត បន្ទាប់​ពី អាជ្ញាធរ បាន​ចុះ​ដោះស្រាយ​បញ្ហា​ជម្លៀស​ប្រជាពលរដ្ឋ ដែល​ទៅ​តាំង​ទីលំនៅ​ខុសច្បាប់ នៅលើ​បរិវេណ​ដី​រដ្ឋ​ហាមឃាត់ នៅ​តំបន់ រក្សា​ប្រភព​ទឹកស្អាត​ក្បាល​ឆាយ ឲ្យ​រួចរាល់​ជា​មុន​សិន ទើប​អាជ្ញាធរ នឹង​ចុះ​ទៅ​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត នៅ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​តំបន់​ពយ​ម៉ាចូ​វ ឬ​ចុង​ឆ្នេរ​អូរត្រេះ​ជា​បន្ត​ទៀត នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​

លោក យន្ត មីន ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ ព្រោះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​លោក​ស្នើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ដកខ្លួន​ជា​បន្ទាន់​បើ​ចង់​សុខ​ខ្លួន​។

​យ៉ាងនេះក្តី សារ​ព្រមាន របស់ អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ផ្ទុយទៅវិញ បរិវេណ​ដី​ព្រៃឈើ​ធម្មជាតិ ដែល​មាន​ដើម​ដុះ​ធំៗ​ដូច​ម្រាមដៃ នៅក្នុង​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ត្រូវបាន​គេ​កាប់​ទន្ទ្រាន និង​សង់ផ្ទះ​ធំ​តូច​រាប់រយ​ខ្នង ព្រមទាំង​បាន​ធ្វើ​របង​រឹងមាំ​ហ៊ុំព័ទ្ធ ហើយ​បាន​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ទប់ស្កាត់​ទេ គិត​មក​ត្រឹម​ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ការពារ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ការពារ​ប៉ុន្មាន​អាណត្តិ​មកនេះ ត្រូវ​ថែរក្សា​ការពារ​ឲ្យ​គង់វង្ស ប៉ុន្តែ​បែរជា​នៅក្នុង​អាណ​តិ្ត ដែល លោក យន្ត មីន មក​ដឹកនាំ​ជា​អភិបាលខេត្ត បរិវេណ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ បែរជា​ត្រូវ​បំផ្លាញ​ទាំងស្រុង​រលាយ​ហិនហោច​អស់​ទៅវិញ​។

​ត្រង់​ចំណុច​នេះ អ្នកឃ្លាំមើល​សង្គម ថ្លែងថា បទល្មើស​នេះ ប្រសិនបើ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចង់​មាន​ឆន្ទៈ​ចង់​ទប់ស្កាត់ ឬ​រក្សា​ការពារ​ដី​បរិវេណ​គម្រប់​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យ​គង់វង្ស​ពិតមែន​នោះ គឺ​មិន​ពិបាក​រក​មុខ​ជន​ខិលខូច ឬ​ឈ្មួញ​ចូល​ទៅ​ទិញ​ដី ឬ​អ្នក​ចូល​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ទាំងនោះ​ទេ ព្រោះ​ជន​ទាំងនោះ គឺ​អាជ្ញាធរ​ខេត្ត​បាន​ស្គាល់​មុខ និង​ឈ្មោះ​ទាំងអស់ ហើយ​ភាគច្រើន​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ​ថែមទៀត​ផង​។ ក្នុងនោះ ក៏​មាន​បុគ្គល​ជា​មន្ត្រី​កំពុង​បំរើ​ការងារ​នៅតាម​មន្ទីរ​ស្ថាប័ន​ជំនាញ និង​កំពុង​បំរើ​ការងារ​នៅ​សាលាខេត្ត​ព្រះសីហនុ មួយចំនួន ក៏​មាន​ជាប់​ពាក់ព័ន្ធ​ការឃុបឃិត កាប់បំផ្លាញ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នេះដែរ ដោយ​ពួកគេ​ម្នាក់ៗ មាន​ចំណែក​ក្បាល​ដី​ជា​ច្រើន​ឡូ ឬ​ច្រើន​ហិច​តារ នៅ​តំបន់​ពយ​ម៉ាចូ​វ​ស្ទើរ​គ្រប់ៗ​គ្នា ទើប​គ្មាន​ការបង្ក្រាប​។

​បញ្ហា​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​អះអាង​ថា បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​ទាំងនោះ ត្រូវ​ជន​ខិលខូច​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅតែ​គ្មាន​វិធានការ​ទប់ស្កាត់​ដដែល ទោះបី​បទល្មើស និង​ភស្តុតាង​ជាក់ស្តែង កំពុង​កើតមាន​នៅ​លើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋ​បាន​ហាមឃាត់​បែបណា​ក្តី​។​

​ទាក់ទិន​បញ្ហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​នៅ​ចំពោះមុខ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលក្រោ​ម​ឱវាទ​ឲ្យ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ​ចំនួន​៦  ឲ្យជួយ​ប្រជុំ​ពិភាក្សា​ជាមួយ​អង្គ​ការ​សង្គម​ស៊ីវិល ជា​រៀងរាល់ ៣​ខែម្ដង ដើម្បី​រក​វិធីសាស្ត្រ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​នានា ថា​ជា​រឿង​ចាំបាច់​ក្នុងការ​ស្រោចស្រង់​ធនធានធម្មជាតិ​ឡើងវិញ បន្ទាប់​ពី​យន្តការ​ទប់ស្កាត់ របស់​រដ្ឋ​ហាក់​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​ពេញលេញ ប្រៀប​ដូចជា​អង្គុយ​បក់ផ្សែង​ដែល​មិន​បាន​ពន្លត់ភ្លើង​។

​សម្តេច ហ៊ុន សែន សង្កត់ធ្ងន់​ថា ក្រសួង​ចំនួន ៦ រួម​មាន​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​ធនធានទឹក ត្រូវ​ចូលរួម​ពិភាក្សា និង​ទទួលយក​អនុសាសន៍​នានា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដោះស្រាយ​បញ្ហា​ធនធានធម្មជាតិ​ឲ្យមាន​ប្រសិទ្ធភាព​។​

​ត្រង់​ចំណុច​នេះ មន្ត្រី​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ លោកស្រី ជៀ​ប សុធា​រី ក៏​ប្រកាស​គាំទ្រ​ប្រមុខ​ដឹកនាំ​លើ​បញ្ហា​រួម​គ្នា​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃឈើ​ជា​ដើម ជាមួយ​រាជរដ្ឋាភិបាល​ដែរ​។

​ទន្ទឹមគ្នានេះ លោកស្រី ក៏​ស្នើ​ដល់​ប្រមុខ​ដឹកនាំ ជួយសង្គ្រោះ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ពិសេស​មន្ត្រី​ជាន់ខ្ពស់​កំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​ស៊ីវិល​ថ្នាក់ជាតិ និង​បុគ្គល​ជា​មន្ត្រីជាន់ខ្ពស់​ខ្លះ កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ​ជាដើម មានឈ្មោះ​ជាប់​ពាក់ព័ន្ធ​សកម្មភា​ព​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​នេះ ដើម្បី​រក្សា​ព្រៃឈើ ដែល​នៅ​សេសសល់​ឲ្យបាន​គង់វង្ស​។​

​ជាងនេះទៀត ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន អាច​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅលើ​ដី​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ចេញ​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ដោយ​រលូន​ថែម​ទៀត​។​

​ទាក់ទិន​បញ្ហា​នេះ កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​ប្រជា​សហគមន៍ ព្រះសង្ឃ និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​នានា ដោយ​មិន​ត្រូវ​រារាំង​សកម្មភាព​ណា​ដែល​រួមចំណែក​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​នោះ​ទេ។​

​សម្តេច​តេជោ សង្កត់ធ្ងន់​ថា រាល់​សកម្មភាព​នាំ​ឲ្យ​រីកចម្រើន​ដល់​ជាតិ គួរតែ​ទទួលបាន​ការលើកទឹកចិត្ត ហើយ​ចាត់ទុកថា សកម្មភាព​រារាំង​យុទ្ធនាការ​ការពា​រធន​ធាន​ធម្មជាតិ​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​បាន​ធ្វើឲ្យ​ខាតប្រយោជន៍​ជាតិ ប៉ុន្តែ​បាន​ចំណេញ​ដល់​ឈ្មួញ​ខិលខូច​។

​យ៉ាងនេះក្តី អ្នកឃ្លាំមើល​សង្គម បាន​កត់សម្គាល់​ថា មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ មិន​បាន​អនុវត្ត​ឲ្យបាន​រលូន​ស្រប​តាម​បទបញ្ជា ឬ​ការណែនាំ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ហើយ​ធនធានធម្មជាតិ នៅតាម​មូលដ្ឋាន​មួយចំនួន មាន​ខេត្ត​ព្រះសីហនុ ជាដើម ត្រូវ​គេ​ទន្ទ្រាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​បាន​បន្ត​កើតមាន​ដដែល​គិត​មកដល់ពេលនេះ​។

​ឆ្លើយតប​បទបញ្ជា​ប្រមុខ​ដឹកនាំ កន្លងមក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា នឹង​ខិតខំ​អនុវត្ត​តាម​ការណែនាំ​នេះ​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ឈានដល់​រួមគ្នា​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ​នៅ​សេសសល់​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យបាន​គង់វង្ស​។​

​ត្រង់​ចំណុច​នេះ លោក យន្ត មីន ហាក់​សុញគំនិត ឬ​មាន​ការរារែក​ឆ្លើយ​នឹង​សំណួរ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​សួរថា តើ​រដ្ឋបាល​ខេត្ត នឹង​មាន​វិធានការ​ក្ដៅ​ទប់ស្កាត់​បទល្មើស​កាប់​រា​ន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ពលរដ្ឋ​ឈ្មួញ​មាន​ទ្រព្យ និង​បុគ្គល​ជា​មន្ត្រី​មាន​អំណាច​ថ្នាក់ជាតិ និង​អ្នក​ជាប់​ពាក់ព័ន្ធ បែបណា​នា​ថ្ងៃ​អនាគត ដើម្បី​រក្សា​ព្រៃឈើ​នេះ​ឲ្យ​គង់វង្ស​នោះ គឺ​គ្មាន​ចម្លើយ​ច្បាស់ ដែល​អាច​ជឿ​ទុកចិត្តបាន​នោះទេ​។

​ទោះយ៉ាងណា លោក យន្ត មីន ទទួលស្គាល់ថា ពិតជា​មាន​សកម្មភាព​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង អនាធិបតេយ្យ​ពិតមែន​។ យ៉ាងនេះក្តី លោក​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​កំពុង​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់ជាតិ​ក្នុង​ការទប់ស្កាត់​បទល្មើស​កាប់​រាន​ដីព្រៃ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ឈានដល់​រឹបអូស​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​ឡើងវិញ​៕ ដែន សីមា

 

spot_img
×