ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចរាចរណ៍កកស្ទះខ្លាំងស្ទើរជារៀងរាល់ថ្ងៃ នៅតាមផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ ជាពិសេសនៅពេលល្ងាច បណ្តាលមកពី៖ យានយន្តគ្រប់ប្រភេទកើនច្រើន, អ្នកបើកបរមិនគោរពច្បាប់, មិនគោរពភ្លើងស្តុប , បើកបរវ៉ាជែងគ្មានរបៀប, បើកបរគ្មានសុជីវធ៌ម, អ្នកបើកបរមិនប្រកាន់គន្លងផ្លូវ , បើកឬបត់យានយន្តឆ្លងកាត់ផ្លូវមិនមើលស្ថានភាពផ្លូវ, បើកបរមិនអធ្យាស្រ័យឲ្យគ្នា និងការចតយានយន្តនៅលើចិញ្ចើមផ្លូវគ្នានសណ្តាប់ធ្នាប់ជាដើម ដែលជាមូលហេតុនាំឲ្យចរាចរណ៍កកស្ទះស្ទើររាល់ថ្ងៃ នាក្រុងព្រះសីហនុ..។
បញ្ហានេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តឲ្យដឹងថា ជាបម្តបន្ទាប់មកនេះ ដើម្បីទប់ស្កាត់ចរាចរណ៍កកស្ទះនេះ សមត្ថកិច្ច បានចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងអប់រំច្បាប់ចរាចរណ៍ដល់អ្នកបើកបរនៅតាមផ្លូវសាធារណៈ ហើយបានចាប់ស្ទូចយករថយន្តមួយចំនួន យកមករក្សាទុក ដើម្បីព្រមាន និងផាកពិន័យ ប៉ុន្តែតាមការសង្កេតនៅមានអ្នកបើកបរភាគច្រើន នៅតែមិនគោរពច្បាប់ឲ្យបានជាប្រចាំទេ។
ត្រង់ចំណុចនេះ ទំនងជាទាល់តែសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាំបាច់ត្រូវតែពង្រាយកម្លាំង ប្រចាំការជួយសម្រួលចរាចរណ៍ នៅតាមភ្លើងស្តុប និងតាមផ្លូវកេងនានាដែលមានយានយន្តបើកឆ្លងកាត់ច្រើន ដើម្បីជួយសំរួលចរាចរណ៍ជារៀងរាល់ថ្ងៃ ទើបអាចបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងក្រុងព្រះសីហនុ មានប្រសិទ្ធភាព៕ ដោយ៖ ដែន សីមា