ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រីបានស្នើឲ្យអ្នកសារព័ត៌មាន សរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិមួយចំនួនដើម្បីបម្រើផលប្រយោជន៍មហិច្ឆតាលោភលន់របស់ខ្លួនកំពុងតែគំរាមកំហែងសុខសន្តិភាពប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសារថា ខួបលើកទី 26 នៃទិវាសារពត៌មានសកលលោកឆ្នាំនេះ បានផ្ដោតលើប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់អ្នកសារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»។
សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតចំនួន៣ទំព័រ ដើម្បីអបអរសាទរទិវាដ៏មានសារសំខាន់មួយនេះ ដោយបានបញ្ជាក់ថា ប្រធានបទនេះគឺពិតជាមានសារៈសំខាន់ស្របតាមបំណងប្រាថ្នានិងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសកលលោកទាំងមូលដើមចប់បានសុខសន្តិភាព ប្រជាធិបតេយ្យនិងការអភិវឌ្ឍ ដែលផ្ដើមចេញពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយតែមានថាមពល និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានពិតតាមវិជ្ជាជីវៈ ដើម្បីកសាងសង្គមមួយក៏ដូចជាពិភពលោកទាំងមូលឲ្យមានយុត្តិធម៌សុខសន្តិភាពនិងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យដើម្បីសម្រេចគោលដៅសន្តិភាពនិងការអភិវឌ្ឍសកលលោកប្រកបដោយចីរភាព។
ក្នុងសារលិខិតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចពីសារសំខាន់ជាច្រើនរបស់អ្នកសារព័ត៌មានក្នុងបុព្វហេតុសង្គមជាតិ ហើយក៏បានអំពាវនាវឱ្យអ្នកព័ត៌មានរួមគ្នា បំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមបានកាន់តែល្អប្រសើរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សំដែងនូវការកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្សព្វផ្សាយ នៅចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានដឹង និងស្វែងយល់អំពីព្រឹត្តិការណ៍ដែលកំពុងមានការប្រែប្រួលនៅក្នុងទូទាំងសាកលលោកតម្រូវឲ្យអ្នកសារព័ត៌មានធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលាដើម្បីបំពេញសេចក្តី ត្រូវការរបស់ប្រជាពរដ្ឋ តើបច្ចុប្បន្នព័ត៌មានបានក្លាយទៅជាចំណីអាហារដែលគេចង់ដឹងនិងចង់ស្វែងយល់។
ការបើកទូលាយនូវសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្វើឲ្យវិស័យនេះមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សទាំងសារព័ត៌មានបោះពុម្ពផ្សាយ សារព័ត៌មានអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមាននិន្នាការផ្សេងៗគ្នា ស្របតាមស្ថានភាពនយោបាយនិងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាទំនើបនាបច្ចុប្បន្នដែលអាចផ្សព្វផ្សាយនិងចែករំលែកព័ត៌មានទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ គឺទាមទារឲ្យអ្នកសារព័ត៌មានទាំងអស់ខិតខំប្រឹងប្រែងបន្តទៀតនូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួន និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនានិងហ៊ានទទួលយកការពិត ដើម្បីឱ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គម ដើម្បីចូលរួមចំណែកកសាងសង្គមមួយឲ្យមានភាពយុត្តិធម៌សុខសន្តិភាពនិងមានការអភិវឌ្ឍដែលជាបំណងប្រាថ្នារបស់មនុស្សជាតិនៅទូទាំងសាកលលោក។ សម្ដេចក៏បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានបរទេសទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបំពេញការងារនៅបរទេសក្តី សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងដោយមិនបានទៀងទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើការឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូលដោយពុំបានគិតគូរអំពីក្រឹតក្រមក្បួនខ្នាតនៃការសរសេរព័ត៌មាន រឿងការផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំប៉ោងសភាពការណ៍និងបន្តុះបង្អាប់ញុះញ៉ុងអុជអាល ឲ្យមានការស្អប់ខ្ពើមប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទជំនឿសាសនានិន្នាការនយោបាយ រឿងស្ថានភាពដ៏ទៃទៀតដែលធ្វើអោយមានអរិភាពដល់ទំនាក់ទំនងជាមួយប្រទេសដទៃបង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ឬបង្កឲ្យមានទំនាស់ជាមួយបរទេសធ្វើឲ្យអន្តរាយដល់ប្រទេសជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវបន្តខិតខំអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពក្នុងការវិភាគសភាពការណ៍ទាំងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិឲ្យស៊ីជម្រៅ ដើម្បីដើរទាន់ការវិវត្តសភាពការណ៍ទាំងនៅក្នុងប្រទេសនៅក្នុងតំបន់និងនៅក្នុងសកលលោកនៅពេលបច្ចុប្បន្ន និងចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិមួយចំនួនដើម្បីបម្រើផលប្រយោជន៍មហិច្ឆតាលោភលន់របស់ខ្លួនកំពុងតែគំរាមកំហែងសុខសន្តិភាពប្រជាធិបតេយ្យនិងការអភិវឌ្ឍលើសកលលោកទាំងមូល។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងទិវាសេរីភាពសារព័ត៌មានសាកលលោក៖
ដោយ៖កូឡាប